មេបញ្ជាការ​ភេរ​វករ​ម្នាក់ និង​សមាជិក​ភេរវ​ករ​ចំនួន០៥នាក់​ត្រូវគេ​សម្លាប់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន

0

យោធា​ប៉ា​គី​ស្ថាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ភេរវ​ករ​ចំនួន០៥នាក់​រួមទាំង​មេបញ្ជាការ​ភេរវ​ករ​ម្នាក់​ត្រូវគេ​សម្លាប់​ក្នុង​សង្កាត់​មួយ​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន។

សេចក្តីថ្លែងការណ៍​មួយ​របស់​កងទ័ព​និយាយថា មេបញ្ជាការ​ភេរវ​ករ​ដែល​គេ​តាម​ចាប់ខ្លួន​លោក Waseem Zikriya ត្រូវ​កងកម្លាំង​សន្តិសុខ​សម្លាប់​រួមជាមួយ​សមាជិក​ភេរវ​ករ​ចំនួន០៤នាក់​ផ្សេងទៀត​នៅក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ចារកម្ម​របស់​កងកម្លាំង​សន្តិសុខ​នៅក្នុង​សង្កាត់ Mir Ali ភាគ​ខាងជើង​នៃ​ខេត្ត  Waziristan ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់​នឹង​ប្រទេសអា​ហ្វ​ហ្គា​នី​ស្ថាន។

សេចក្តីថ្លែងការណ៍​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​កងទ័ព​ទំនាក់ទំនង​សាធារណៈ​អន្តរ​សេវាកម្ម​និយាយថា ភេរវ​ករ​ចំនួន ១០នាក់​ផ្សេងទៀត​ត្រូវ​កងកម្លាំង​សន្តិសុខ​ចាប់ខ្លួនបាន។

យោងតាម​ប្រភពព័ត៌មាន​ពី​មេបញ្ជាការ​ដែលជា​អ្នកគ្រប់គ្រង​តំបន់​លោក Haider Khel បាន​ឲ្យ​ដឹងថា ភេរវ​ករ​នៅក្នុង​សង្កាត់ Mir Ali ត្រូវគេ​តាម​ចាប់ខ្លួន​ខណៈដែល​មេដឹកនាំ​ភេរវ​ករ​គឺជា​មេក្លោង​នៅក្នុង​សកម្មភាព​ភេរវកម្ម​ចំនួន៣ផ្សេងៗគ្នា​ចាប់តាំងពី​ឆ្នាំ២០១៩ ។

មេបញ្ជាការ​ភេរវ​ករ​បាន​ចូលរួម​ដោយផ្ទាល់​នៅក្នុង​ការសម្លាប់​ដោយ​ធ្វើ​សកម្មភាព​វាយប្រហារ​ទៅលើ​កងកម្លាំង​សន្តិសុខ និង​សម្លាប់​មន្ត្រី​រដ្ឋាភិបាល​នៅក្នុង​តំបន់​នោះ។

យោធា​ប៉ា​គី​ស្ថាន​ធ្វើ​ប្រតិបត្តិការ​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​ក្រុម​ភេរវ​ករ​នៅ​ភាគ​ខាងជើង​ខេត្ត Waziristan។ បើទោះបីជា​មានការ​បង្ក្រាប​ភេរវ​ករ​នៅ​តំបន់​នោះ​ឱ្យមាន​ភាពស្ងប់ស្ងាត់​ក៏ដោយ​ក៏​សមាជិក​ក្រុម​ភេរវ​ករ​ដែល​នៅ​សេសសល់​នៅតែ​បន្តធ្វើ​សកម្មភាព​វាយប្រហារ​លើ​កងកម្លាំង​សន្តិសុខ​ជា​បន្តបន្ទាប់។

គួរបញ្ជាក់​ផងដែរ​ថា មន្ត្រី​យោធា​ម្នាក់​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ទាហាន​ប៉ា​គី​ស្ថាន​ចំនួន​ពីរ​នាក់​ក៏បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ក្រោយពី​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​រថយន្ត​របស់​កង​កម្លាំង​សន្តិសុខ​នៅ​ភាគ​ខាងជើង​ខេត្ត Waziristan។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here