មន្ត្រីប៉ូលិស​ជាន់ខ្ពស់ និង​ជំនួយការ០២នាក់​ត្រូវគេ​សម្លាប់​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ីរ៉ាក់

0

យោធា​អ៊ីរ៉ាក់​និយាយថា មន្ត្រីប៉ូលិស​ជាន់ខ្ពស់​អ៊ីរ៉ាក់​ម្នាក់ និង​ជំនួយការ​របស់គាត់​ចំនួន​ពីរ​នាក់​ត្រូវគេ​សម្លាប់​នៅ​ថ្ងៃ​ពុធ ទី៣០ នៅក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅតាម​ដងផ្លូវ​ក្នុង​ខេត្ត Salahudin នៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី Baghdad ។

ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​បញ្ជាការ​ប្រតិបត្តិការ​ចម្រុះ​អ៊ីរ៉ាក់​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា គ្រាប់បែក​តាម​ដងផ្លូវ​ផ្ទុះឡើង​នៅក្បែរ​រថយន្តយោធា​មួយ​នៅ​តំបន់​វាល​ខ្សាច់ al-Tharthar ភាគ​ខាងលិច​នៃ​ទីប្រជុំជន Baiji ចម្ងាយ​ប្រមាណ២០០ គីឡូម៉ែត្រ​នៅ​ខាងជើង​ទីក្រុង​បា​កដាដ (Baghdad) ក្នុងអំឡុងពេល​យុទ្ធនាការ​ស្វែងរក​គ្រាប់។

ការផ្ទុះ​នេះ​បានសម្លាប់​មេបញ្ជាការ​កងវរសេនាធំ​ម្នាក់​នៃ​ខេត្ត Salahudin និង​ជំនួយការ​ចំនួន​ពីរ​នាក់​របស់គាត់។ ទន្ទឹមនឹង​នេះដែរ លោក Mohammed al-Bazi ប៉ូលិស​ខេត្ត Salahudin បញ្ជាក់​បន្ថែមថា លោក Mutasim al-Qaisi និង​ជំនួយការ​របស់គាត់​ចំនួន ០២នាក់​ស្លាប់​នៅក្នុង​ហេតុការណ៍​ផ្ទុះ​ក្បែរ​ទីក្រុង Baiji ។

សូម​រំលឹក​ផងដែរ​ថា ការវាយប្រហារ​នោះ​កើតឡើង​នៅពេលដែល​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (IS) បង្កើន​ការវាយប្រហារ​របស់ខ្លួន​ទៅលើ​កងកម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល​នៅក្នុង​ខេត្ត Sunni ដែល​គ្រប់គ្រង​ដោយ​អតីត​រដ្ឋ​អ៊ីស្លាម​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​រាប់សិប​នាក់។ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​មាន​ភាពប្រសើរឡើង​ចាប់តាំងពី​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​កម្ចាត់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ IS នៅ​ទូទាំងប្រទេស​នៅ​ចុងឆ្នាំ២០១៧ ។

ទោះជា​យ៉ាងណាក៏ដោយ សមាជិក IS នៅ​សេសសល់​បង្កប់ខ្លួន​នៅតាម​តំបន់​ទីក្រុង​ឬ​វាល​ខ្សាច់​និង​តំបន់​រឹងមាំ​ដោយ​ធ្វើការ​វាយប្រហារ​ឆ្មក់​ជា​ញឹកញាប់​ប្រឆាំងនឹង​កម្លាំង​សន្តិសុខ​និង​ជន​ស៊ីវិល។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here