ប៉ូលិសក្នុងតំបន់បានអោយដឹងថា នៅថ្ងៃអាទិត្យ ទី១៩ ខែតុលា មានហេតុការណ៍បាញ់ប្រហារមួយកើតឡើងនៅភាគខាងជើងទីក្រុង Oakland រដ្ឋ California ដោយបានសម្លាប់មនុស្សចំនួន០២នាក់។
មន្ត្រីនិយាយថា សមត្ថកិច្ចរកឃើញសាកសពស្ត្រីម្នាក់ដេកស្លាប់នៅនឹងកន្លែង ដោយមានរងគ្រាប់កាំភ្លើងមួយគ្រាប់លើមហាវិថី MacArthur នៅម៉ោងប្រហែល១ព្រឹក។ នៅរយៈពេល ៩០នាទីក្រោយមកទៀត គេប្រទះឃើញបុរសពេញវ័យម្នាក់រងរបួសដោយសារគ្រាប់កាំភ្លើងនៅលើដងវិថីអន្តរជាតិក្នុងទីក្រុង។ ប៉ូលិសនិយាយថា ជនរងគ្រោះក៏បានស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
គេមិនទាន់ស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះទាំង០២នាក់នោះទេ។
ប៉ូលិសរំលឹកឲ្យដឹងថា ការសម្លាប់មនុស្សចំនួន៥៨នាក់កើតឡើងនៅក្នុងឆ្នាំ២០១៩ នៅក្នុងទីក្រុង ហើយសម្រាប់ឆ្នាំ២០២០នេះនៅរយៈពេលដូចគ្នាចំនួនមនុស្សស្លាប់កើតដល់ចំនួន៨០នាក់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០