ប្រធានាធិបតីអ៊ីរ៉ាក់អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម

0

ប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឱ្យមានការបន្តធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងអះអាងពីភាពចាំបាច់ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ដើម្បីប្រឆាំងនឹងសមាជិកក្រុមភេរវករ។

សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា សេចក្តីអត្ថាធិប្បាយរបស់លោក Salih ធ្វើឡើងនៅពេលលោកបានជួបជាមួយទីប្រឹក្សាជាន់ខ្ពស់របស់ក្រសួងការពារជាតិអង់គ្លេសលោក Sir John Lorimer និងឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំប្រទេសអ៊ីរ៉ាក់ លោក Stephen Hickey នៅវិមានប្រធានាធិបតីក្នុងទីក្រុងបាកដាដ។

នៅក្នុងសេចក្តីថ្លែងការណ៍គេបានស្រង់សម្តីរបស់លោក Salih ថា៖“សង្រ្គាមប្រឆាំងនឹងអំពើភេរវកម្មនៅតែបន្តមានប្រតិបត្តិកា ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិនៅតែមានដើម្បីប្រឆាំងនឹងអង្គការភេរវករ ដែលក្រុមនោះបានគំរាមកំហែងឆ្លងកាត់ព្រំដែន និងគំរាមកំហែងដល់ប្រទេសទាំងអស់”។

លោក Barham មានប្រសាសន៍ថា សមាជិកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយម (IS) មួយចំនួនព្យាយាមគំរាមកំហែងសន្តិសុខ និងស្ថេរភាពរបស់ពលរដ្ឋនៅតាមទីក្រុងអ៊ីរ៉ាក់ ប៉ុន្តែកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ដែលទទួលបានការសម្របសម្រួលពីកងកម្លាំងចម្រុះអន្តរជាតិនៅតែបន្តតាមដានលើសកម្មភាពរបស់សមាជិក IS និងបានរារាំងពួកគេពីការសម្រេចគោលដៅ។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា លោកប្រធានាធិបតីក៏ធ្លាប់បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ដើម្បីការពារអង្គការភេរវករជ្រុលនិយមពីការកេងប្រវ័ញ្ចលើវិបត្តិនានាដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខសង្គម។

ចុងបញ្ចប់ លោក Lorimer បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មក៏ដូចជាការប្តេជ្ញាចិត្តរបស់ប្រទេសលោកក្នុងការគាំទ្រដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ក្នុងការបណ្តុះបណ្តាល​ និងបំពាក់អាវុធដើម្បីសម្រេចបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសអ៊ីរ៉ាក់។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here