ប៉ូលិសនិយាយថា សកម្មប្រយុទ្ធចំនួន០៤នាក់ត្រូវគេសម្លាប់ និងប៉ូលិសចំនួន០១នាក់រងរបួសនៅព្រឹកថ្ងៃព្រហស្បតិ៍នៅក្នុងហេតុការណ៍បាញ់ប្រហារដោយកាំភ្លើងនៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។
ហេតុការណ៍បាញ់កាំភ្លើងបានផ្ទុះឡើងនៅក្បែរតំបន់ផ្លាហ្សានៅក្នុងទីក្រុងNagrotaនៅជាយក្រុង Jammu ដែលជារដ្ឋធានីក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។
មន្ត្រីប៉ូលិសម្នាក់បាននិយាយថា៖ “ប៉ូលិសបានស្ទាក់ចាប់រថយន្តមួយគ្រឿងនៅតំបន់ Ban Toll Plaza នៅលើផ្លូវ Jammu-Srinagar ។”
អាជ្ញាធរបានបិទផ្លូវ និងបញ្ឈប់យានយន្តមិនឲ្យចតក្រោយពីមានហេតុការណ៍បាញ់។ ក្រុមទាហាន ប៉ូលិស និងអ្នកជួយសង្គ្រោះបន្ថែមទៀតបានប្រញាប់ប្រញាល់ទៅកាន់ទីតាំងកើតហេតុ ហើយការបាញ់ប្រហារប្រើកាំភ្លើងមានរយៈពេលពីរទៅបីម៉ោង។
អ្នកនាំពាក្យប៉ូលិសម្នាក់និយាយថា៖“សកម្មប្រយុទ្ធចំនួន០៤នាក់ត្រូវគេសម្លាប់ និងប៉ូលិសចំនួ០១នាក់បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះអាវុធនោះ។ ប្រតិបត្តិការស្វែងរកនៅក្នុងតំបន់កំពុងដំណើរការ។”
សង្គ្រាមឧទ្ទាមកំពុងកើតឡើងរវាងសមាជិកសកម្មប្រយុទ្ធ និងកងទ័ពឥណ្ឌាដែលឈរជើងនៅក្នុងតំបន់នោះចាប់តាំងពីឆ្នាំ១៩៨៩មក។ ការបាញ់កាំភ្លើងរវាងភាគីទាំងពីរបានកើតឡើងនៅទូទាំងតំបន់។
សូមបញ្ជាក់ផងដែរថា តំបន់កាស្មៀរ តំបន់Himalayan ដែលបែងចែកទឹកដីរវាងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានត្រូវប្រទេសទាំងពីរដណ្តើមគ្នា។ ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសមក ប្រទេសទាំងពីរបានធ្វើសង្គ្រាមចំនួន០៣លើកដើម្បីដណ្តើមការកាន់កាប់តំបន់ទាំងពីរដោយផ្តាច់មុខ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០









