ក្រសួងការពារជាតិរបស់ប្រទេសអាហ្វហ្គានីស្ថានបញ្ជាក់នៅថ្ងៃអង្គារថា សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន០៥នាក់ត្រូវគេសម្លាប់ និងចំនួន០៣នាក់ផ្សេងទៀតរងរបួសនៅក្នុងខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាននៅយប់ថ្ងៃចន្ទ។
ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងឧប្បត្តិហេតុមួយសមាជិកសកម្មប្រយុទ្ធប្រដាប់អាវុធចំនួន០៣នាក់ស្លាប់ និងចំនួន០៣នាក់ផ្សេងទៀតរងរបួសក្រោយពីមានការតបតពីកម្លាំងការពារជាតិ និងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (ANDSF) ខណៈដែលសមាជិកសកម្មប្រយុទ្ធទាំងនោះធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅក្នុងស្រុក Panjwahi។
នៅក្នុងស្រុក Zhari មានសមាជិកសកម្មប្រយុទ្ធចំនួនពីរនាក់ត្រូវកម្លាំងសន្តិសុខសម្លាប់ក្រោយពីគ្រាប់បែកមួយដែលបង្កប់នៅតាមបណ្តោយត្រូវបានបំផ្ទុះមុនពេល។
ទាក់ទងទៅនឹងករណីវាយប្រហារនេះ សមាជិកសកម្មប្រយុទ្ធមិនទាន់ធ្វើការអះអាងណាមួយលើរបាយការណ៍នោះនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា សមាជិកសកម្មប្រយុទ្ធតាលីបង់បានព្យាយាមរឹបអូសយកដីបន្ថែមទៀត និងពង្រឹងទីតាំងរបស់ពួកគេ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០