ប្រភពព័ត៌មានយោធា និងអ៊ីរ៉ាក់បានឲ្យដឹងថា យន្តហោះកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកវាយប្រហារតាមអាកាសទៅលើទីតាំងលាក់ខ្លួន ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធរបស់រដ្ឋអ៊ីស្លាមជ្រុលនិយមនៅភាគខាងជើងខេត្ត Salahudin ក្នុងប្រទេសអ៊ីរ៉ាក់។ ហេតុការណ៍នោះសម្លាប់សមាជិកសកម្មប្រយុទ្ធ IS យ៉ាងតិចចំនួន០៣នាក់។
ការិយាល័យប្រព័ន្ធប្រតិបត្តិការ JOC និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្អែកលើការស្នើសុំរបស់បញ្ជាការប្រតិបត្តិការចម្រុះអ៊ីរ៉ាក់ (JOC) យន្តហោះអន្តរជាតិបានទម្លាក់គ្រាប់បែកលើទីតាំងរបស់សមាជិកសកម្មប្រយុទ្ធ IS ចំនួន ០៥ កន្លែងនៅជួរភ្នំ Makhoul នៅភាគខាងជើងខេត្ត ដោយការវាយប្រហារនោះបានបំផ្លាញទីជម្រករបស់សកម្មប្រយុទ្ធទាំងអស់។
ក្រោយមក នៅថ្ងៃនោះលោក Mohammed al-Bazi ប៉ូលិសខេត្ត Salahudin ប្រាប់ភ្នាក់ងារសារព័ត៌មានបន្ថែមថា កងកម្លាំងអ៊ីរ៉ាក់បានធ្វើយុទ្ធនាការស្វែងរកនៅក្នុងតំបន់នោះ ហើយបានរកឃើញសាកសពចំនួន០៣នាក់ដែលកម្លាំងចម្រុះសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនោះ។
ស្ថានការណ៍នៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់សមាជិក IS ទូរទាំងប្រទេសនៅចុងឆ្នាំ២០១។ ទោះជាយ៉ាងណាក៏ដោយសមាជិក IS បានបង្កប់ខ្លួននៅតាមវាលខ្សាច់ និងតំបន់រឹងមាំដោយធ្វើការវាយប្រហារឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០