នៅថ្ងៃព្រហស្បតិ៍ ទី១០ ម្សិលមិញនេះ មានហេតុការណ៍ផ្ទុះគ្រាប់បែករថយន្តមួយធ្វើឲ្យរញ្ជួយតំបន់កាន់កាប់ដោយឧទ្ទាមក្នុងខេត្ត Hasakah នៅភាគឥសានប្រទេសស៊ីរី។ ហេតុការណ៍នោះបានសម្លាប់មនុស្សចំនួន០៣នាក់ និងបណ្តាលឲ្យមនុស្សចំនួន១២នាក់ផ្សេងទៀតរងរបួស។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីនិយាយថា ហេតុការណ៍ផ្ទុះនេះបណ្តាលមកពីការបំផ្ទុះគ្រាប់បែករថយន្តនៅប៉ុស្តិ៍ត្រួតពិនិត្យរបស់សមាជិកឧទ្ទាមដែលគាំទ្រដោយតួកគីនៅក្នុងទីក្រុង Ras al-Ayn ក្នុងខេត្ត Hasakah ។
ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសនិយាយថា ចំនួនអ្នកស្លាប់រួមមានជនស៊ីវិល និងសកម្មប្រយុទ្ធក៏ដូចជាទាហានតួកគីចំនួន០៣នាក់។
ហេតុការណ៍ផ្ទុះនេះគឺជាហេតុការណ៍ផ្ទុះគ្រាប់បែកចុងក្រោយបង្អស់នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម ដែលមានការគាំទ្រពីកងកម្លាំងតួកគីនៅភាគឥសាន និងភាគខាងជើងនៃប្រទេសស៊ីរី។
កន្លងមកទីក្រុង Ras al-Ayn ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងជីវពលឃឺដនៃកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) មុនពេលទីក្រុងនោះធ្លាក់ចូលទៅក្នុងដៃក្រុមឧទ្ទាមដែលគាំទ្រដោយកងកម្លាំងតួកគីនៅឆ្នាំ២០១៩ ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០