នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ កងកម្លាំងការពារប្រទេសកេនយ៉ា (KDF) បានសម្លាប់សមាជិកភេរវករអាល់សាបាប (al-Shabab)ចំនួន០៣នាក់នៅក្នុងការវាយឆ្មក់មួយលើជំរុំរបស់ពួកគេនៅព្រៃ Boni ដ៏ធំក្នុងតំបន់ Lamu លើតំបន់ឆ្នេរ។
លោក Gabriel Musau ប្រធានប៉ូលិសនៅឆ្នេរសមុទ្រមានប្រសាសន៍ថា កងកម្លាំងពិសេស វាយឆ្មក់នៅពេលព្រឹកព្រលឹមដោយសម្លាប់សមាជិកភេរវករ ហើយថែមទាំងបានរកឃើញឧបករណ៍ទំនាក់ទំនង និងអាវុធដែលក្រុមភេរវជនប្រើប្រាស់ដើម្បីបង្កការបំផ្លិចបំផ្លាញនៅតំបន់ Lamu ដែលទីនោះស្ថិតនៅជាប់ព្រំដែនប្រទេសសូម៉ាលី។
នៅក្នុងអំឡុងពេលនៃការវាយប្រហារនៅជិតតំបន់ Bothai កម្លាំងទាហាន KDF ក៏បានចាប់ខ្លួនភេរវករម្នាក់ និងកំពុងឃុំខ្លួនដើម្បីសាកសួរ។
លោក Musau អះអាងថា កងកម្លាំងបានបង្កើនប្រតិបត្តិការនៅក្នុងតំបន់នោះក្រោយពីទទួលបានរបាយការណ៍ពីវត្តមានរបស់សមាជិកភេរវករថាមាននៅទីនោះ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០