កងកម្លាំង​ទ័ព​ស៊ី​រី​សម្លាប់​សមាជិក​ឧទ្ទាម​ISចំនួន៨នាក់​នៅ​តំបន់​វាល​ខ្សាច់

0

ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ SANA រាយការណ៍​ថា នៅ​ថ្ងៃ​ពុធ ទី២៧ ខែមករា កងទ័ព​ស៊ី​រី​សម្លាប់​សមាជិក​សកម្មប្រយុទ្ធ​ចំនួន៨នាក់​ខណៈ​រយៈពេលថ្មីៗនេះ​សមាជិក​សកម្មប្រយុទ្ធ​បាន​វាយប្រហារ​ទៅលើ​រថយន្តក្រុង​យោធា និង​ជន​ស៊ីវិល​នៅលើ​តំបន់​វាល​ខ្សាច់​ភាគ​ខាងកើត​ខេត្ត Deir al-Zour។

សារព័ត៌មាន SANA ដកស្រង់​សម្តី​យោធា​ដែលមាន​សេចក្តី​ថា ក្រោយពី​មាន​ប្រតិបត្តិការ​ច្បាស់លាស់ កងកម្លាំង​ស៊ី​រី​នៅក្នុង​ខេត្ត Deir al-Zour បាន​តាមដាន​លើ​សមាជិក​ក្រុម​ភេរវជន​ដែល​វាយប្រហារ​ទៅលើ​បុគ្គលិក ជន​ស៊ីវិល និង​យោធា​នៅតាម​ផ្លូវ​រវាង​ខេត្ត Deir al-Zour និង​ទីក្រុង Palmyra។

របាយការណ៍​លើកឡើងថា បច្ចុប្បន្ន​លើផ្លូវ​ពី​ខេត្ត Palmyra និង Deir al-Zour មាន​សុវត្ថិភាព​ទាំងស្រុង។ យ៉ាងណាមិញ នៅ​រយៈពេលថ្មីៗនេះ សមាជិក​រដ្ឋ​អ៊ីស្លាម (IS) បង្កើន​ការវាយប្រហារ​ទៅលើ​ផ្លូវ​នៅ​តំបន់​វាល​ខ្សាច់​ដោយ​សម្លាប់​ទាហាន និង​ជន​ស៊ីវិល​ជាច្រើន​នាក់។

នៅ​ដើម​សប្តាហ៍​នេះ​ផងដែរ ឧទ្ទាម IS ធ្វើការ​វាយឆ្មក់​លើ​តំបន់​វាល​ខ្សាច់​ដោយបាន​សម្លាប់​ទាហាន​ចំនួន៣នាក់។ លើសពីនេះ នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សមាជិក IS ក៏​ធ្លាប់​សម្លាប់​មនុស្ស​ចំនួន២៥នាក់​នៅលើ​តំបន់​វាល​ខ្សាច់​តែមួយ​នោះ​ផងដែរ។

នៅក្នុង​សេចក្តីថ្លែងការណ៍​លើកឡើង​នៅ​ថ្ងៃ​ពុធ សារព័ត៌មាន SANA ចុះផ្សាយ​ថា កងទ័ព​ស៊ី​រី​បាន និង​កំពុង​តាមដាន​លើ​ក្រុម​ដែល​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ។

គួរ​រំលឹក​ផងដែរ​ថា ក្រោយពី​បាន​បាត់បង់​តំបន់សំខាន់ៗនៅ​ភាគ​ខាងជើង និង​ភាគ​ឥសាន​នៃ​ប្រទេស​ស៊ី​រី សមាជិក IS បាន​ឈរជើង​នៅ​តំបន់​វាល​ខ្សាច់​ដែល​លាតសន្ធឹង​ពី​ខេត្ត Deir al-Zour និង​ខេត្ត Homs៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here