សហរដ្ឋអាមេរិកធ្វើការវាយប្រហារតាមអាកាសជាលើកដំបូងចាប់តាំងពីលោក Biden ចូលកាន់តំណែង

0

កាលពីថ្ងៃអង្គារ ទាហានអាមេរិកបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងសកម្មប្រយុទ្ធភេរវករនៅក្នុងប្រទេសសូម៉ាលី។ នេះគឺជាការវាយប្រហារលើកដំបូងក្នុងប្រទេស ចាប់តាំងពីប្រធានាធិបតី Joe Biden ចូលកាន់តំណែងកាលពីខែមករា។

សារព័ត៌មាន Reuters បានដកស្រង់សេចក្តីថ្លែងការណ៍របស់មន្ទីរប៉ង់តាហ្គោនថាការវាយប្រហារតាមអាកាសសំដៅទៅលើយុទ្ធជន អាល់ហ្សាបាប Al Shabaab នៅក្នុងទីក្រុង ហ្គាលកាយូ Galkayo ដែលស្ថិតនៅកណ្តាលប្រទេសនៅលើឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក។

មិនទាន់មានការបញ្ជាក់ច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការវាយប្រហារនេះទេ។
ក្រុមអាល់ហ្សាបាបមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ដែលជាអង្គការភេរវករបង្កើតឡើងដោយអូសាម៉ាប៊ិនឡាដិន ហើយបានព្យាយាមផ្តួលរំលំរដ្ឋាភិបាលសូម៉ាលីជាយូរមកហើយ និងទទួលបាននូវការគ្រប់គ្រងនយោបាយនៅក្នុងប្រទេសនេះផងដែរ។
សហរដ្ឋអាមេរិកបានកំណត់គោលដៅជាញឹកញាប់ចំពោះសមាជិកនៃអង្គការនេះនៅក្នុងការវាយប្រហារតាមអាកាស ប៉ុន្តែប្រតិបត្តិការកាលពីថ្ងៃអង្គារគឺជាលើកទី១ ចាប់តាំងពីលោក Biden ស្បថចូលកាន់តំណែងកាលពីខែមករា។

ក្រុមអាល់ហ្សាបាប ទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកទម្រង់ធំៗ និងការវាយប្រហារផ្សេងទៀតនៅប្រទេសសូម៉ាលី។ ថ្មីៗនេះមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយកាលពីដើមខែនេះ ដែលបានសម្លាប់មនុស្ស ៩នាក់នៅ ម៉ូហ្កាឌីហ្សូ Mogadishu ។

នៅក្នុងការបំផ្ទុះគ្រាប់បែកនោះ ក្រុមសកម្មប្រយុទ្ធ អាល់ហ្សាបាប កំណត់គោលដៅទៅលើស្នងការប៉ូលីស លោក ហ្វាហាន មូហាម៉ាត់ Farhan Mohamud ដោយរៀបចំការបំផ្ទុះឡានផ្ទុកដោយគ្រឿងផ្ទុះនៅចំនុចប្រសព្វដ៏មមាញឹក នៅពេលឡានក្បួនរដ្ឋាភិបាលមកដល់។

លោក មូហាម៉ាត់ បានរួចផុតពីការផ្ទុះ ប៉ុន្តែមនុស្ស៩នាក់ផ្សេងទៀតត្រូវបានស្លាប់។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here