ស្ត្រី​អាហ្វហ្គានីស្ថាន​ប្រតិកម្ម​នឹង​ក្រុម​តាលីបង់​ដែល​អនុញ្ញាត​ឱ្យ​ក្មេង​ស្រី​ចូល​រៀន​វិញ ខណៈ​ការ​ភ័យ​ខ្លាច​នៅ​តែ​មាន​ចំពោះ​សុវត្ថិភាព​ពួកគេ

0

សេចក្តី​ប្រកាស​ពី​ ការ​ត្រឡប់​ទៅ​សាលា​វិញ​បាន​ធ្វើ​ឱ្យ​ស្ត្រី​អាហ្វហ្គានីស្ថាន​មានការភ័យ​ខ្លាច​ ស្របពេលដែលមាន​ការ​រឹត​បន្តឹង​យ៉ាង​តឹងរ៉ឹង​របស់​ក្រសួង​អប់រំ​ឧត្តម​សិក្សា​តាលីបង់។ ការរឹតបន្តឹងបែបនេះ រួមមានទាំងការបំបែកគ្នារវាងបុរស និងស្ត្រី ហើយស្ត្រី​ត្រូវ​ស្លៀក​រ៉ូប​អាបាយ៉ា និង​បិទ​មុខ​។ ស្ត្រីត្រូវបញ្ចប់មេរៀនរបស់ពួកគេឱ្យលឿនជាងបុរស 5 នាទីផងដែរ ដើម្បីបញ្ឈប់ពួកគេពីការប្រមូលផ្តុំគ្នានៅខាងក្រៅ និងស្នាក់នៅក្នុងបន្ទប់រង់ចាំរហូតដល់សិស្សប្រុសគ្នាគេចេញពីអាគារ។

អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីបញ្ហាស្ត្រីសកលលោក និងសមាជិកក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធ Vandenberg លោក Kelley Eckels Currie បានប្រាប់ Fox News ថា ពួកតាលីបង់មាន “ផ្នត់គំនិតមជ្ឈិមសម័យចំពោះស្ត្រី” ។

Currie បានពន្យល់ “មុនពេលដែលអាមេរិកចូលមក និងបណ្តេញពួកតាលីបង់ចេញក្រោយថ្ងៃទី 9/11 ស្ត្រីអាហ្វហ្គានីស្ថានត្រូវបានបង្ខំឱ្យស្លៀកពាក់ burqa នៅទីសាធារណៈ ពួកគេមិនអាចទៅកន្លែងណាដោយគ្មានបុរសទៅជាមួយ និង​​បង្ខំឱ្យរៀបការមុនអាយុ ហើយមិនត្រូវបានអនុញ្ញាតឱ្យចូលសាលារៀន” ។

Currie បានប្រាប់​ថា ​ការ​អះអាង​របស់​ពួក​តាលីបង់​បាន​ផ្លាស់​ប្តូរ ក្នុង​អំឡុង​ពេលនៃការចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក ​គឺ​ជា​ការ​កុហក។ Currie បានបន្ត “អ្នកដែលបានធ្វើការនៅអាហ្វហ្គានីស្ថានដឹងថា ពួកគេបញ្ជូនកូនស្រីរបស់ពួកគេទៅសាលារៀននៅ Doha មិនមែនមានន័យថាពួកគេគិតថាស្ត្រីអាហ្វហ្គានីស្ថានដែលនៅសល់គួរតែត្រូវបានអនុញ្ញាតឱ្យទទួលបានការអប់រំនោះទេ”។

Anita McBride អតីតប្រធានបុគ្គលិកចំពោះស្ត្រីទីមួយ Laura Bush និងជានាយកប្រតិបត្តិនៅសាកលវិទ្យាល័យអាមេរិកបានចែករំលែកអារម្មណ៍ស្រដៀងគ្នា។ McBride បាននិយាយថា “គ្មានអ្វីបង្ហាញពីទំនុកចិត្តណាមួយដែលថាពួកតាលីបង់មានភាពខុសប្លែកពីពេលមុនឡើយ ទាក់ទងទៅនឹងចិត្តគំនិតរបស់ពួកគេ ទស្សនៈរបស់ពួកគេចំពោះស្ត្រី និងតួនាទីរបស់ពួកគេនៅក្នុងសង្គម”។

លោក McBride បានបន្ថែមថា ទង្វើបច្ចុប្បន្នចំពោះស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺអាចព្យាករណ៍បានថា “ពួកតាលីបង់ គឺជាមេ PR ពីព្រោះពួកគេអស់សង្ឃឹមក្នុងការទទួលបានភាពស្របច្បាប់នៅលើឆាកពិភពលោក។ ពួក​គេ​ព្រមាន​ថា​ សេដ្ឋកិច្ច​ស្ថិត​ក្នុង​ស្ថានភាព​អស់សង្ឃឹម​ដែល​មិន​អាច​បម្រើ​ប្រជាជន​អាហ្វហ្គានីស្ថាន​បាន។”

មនុស្សមួយចំនួនដែលមានសំណាងអាចរត់ភៀសខ្លួនទៅសហរដ្ឋអាមេរិក បាននិយាយថាស្ត្រីលែងមានសិទ្ធិនៅក្នុងសង្គមអាហ្វហ្គានីស្ថានទៀតហើយ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here