PESHAWAR ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយថា គ្រាប់បែកដ៏ខ្លាំងមួយបានផ្ទុះនៅខាងក្នុងវិហារអ៊ីស្លាមនិកាយស៊ីអ៊ីតក្នុងទីក្រុង Peshawar ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រ ដោយបានសម្លាប់អ្នកចូលរួមគោរពបូជាប្រមាណជា 30នាក់ និងច្រើននាក់ផ្សេងទៀតរងរបួស។ មន្ត្រីប៉ូលិសក្នុងតំបន់ Waheed Khan បាននិយាយថា ការបំផ្ទុះនេះបានកើតឡើងនៅពេលដែលអ្នកគោរពបូជាបានប្រមូលផ្តុំគ្នានៅវិហារឥស្លាម Kucha Risaldar ក្នុងទីក្រុងចាស់ Peshawar ដើម្បីធ្វើពិធីអធិស្ឋានថ្ងៃសុក្រ។ រថយន្តសង្គ្រោះបន្ទាន់ប្រញាប់ឆ្លងកាត់ផ្លូវតូចចង្អៀតដែលកកស្ទះ និងដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ Lady Reading។
ភ្លាមៗ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះទេ ប៉ុន្តែទាំងក្រុមរដ្ឋឥស្លាម និងអង្គការតាលីបង់ប៉ាគីស្ថានដ៏ឃោរឃៅ បានធ្វើសកម្មភាពវាយប្រហារស្រដៀងគ្នានេះ នៅក្នុងតំបន់ដែលមានទីតាំងជិតព្រំដែនជាមួយប្រទេសជិតខាងអាហ្វហ្គានីស្ថាន។
សាក្សីឈ្មោះ Shayan Haider រៀបចំខ្លួនបម្រុងនឹងចូលទៅក្នុងវិហារ ខណៈដែលមានការផ្ទុះដ៏ខ្លាំងមួយបណ្តាលឲ្យគាត់ខ្ទាតទៅលើផ្លូវ។ គាត់បាននិយាយថា៖ «ខ្ញុំបើកភ្នែកហើយមានធូលី និងសាកសពគ្រប់ទីកន្លែង។
នៅផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ Lady Reading មានភាពច្របូកច្របល់ ខណៈដែលក្រុមគ្រូពេទ្យបានព្យាយាមផ្លាស់ទីអ្នករបួសជាច្រើននាក់ទៅកាន់សាលវៈកាត់។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២២