ខ្មាន់កាំភ្លើងសម្លាប់មនុស្សពីរនាក់ក្នុងការវាយប្រហារកណ្តាលប្រទេសអ៊ីស្រាអែល

0

JERUSALEM (AP): កាលពីថ្ងៃអាទិត្យ ខ្មាន់កាំភ្លើងជនជាតិអារ៉ាប់ពីរនាក់ បានសម្លាប់មនុស្ស ២នាក់ និង ៤នាក់ផ្សេងទៀតរបួសក្នុងហេតុការបាញ់ប្រហារមួយនៅកណ្តាលប្រទេសអ៊ីស្រាអែល មុនពេលពួកគេត្រូវបានសម្លាប់ដោយប៉ូលិស នេះបើយោងតាមប៉ូលិស និងមន្រ្តីពេទ្យ។

វា​ជា​ការ​វាយ​ប្រហារ​ជាតិសាសន៍​លើក​ទី​ពីរដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ជន​ប្រដាប់​អាវុធ​អារ៉ាប់​ក្នុង​ទីក្រុង​អ៊ីស្រាអែល​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍ផង។ កាលពីថ្ងៃអង្គារ អ្នកវាយប្រហារតែម្នាក់ឯងដែលទទួលបានការបំផុសគំនិតដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានសម្លាប់មនុស្ស ៤នាក់នៅក្នុងការចាក់សម្លាប់យ៉ាងកំរោលមួយនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយក្រោយមកឧក្រិដ្ឋជននេះត្រូវបានអ្នកធ្វើដំណើរតាមផ្លូវសម្លាប់។

មន្ត្រីសន្តិសុខអ៊ីស្រាអែលនិយាយថាខ្មាន់កាំភ្លើងគឺជាអ្នកគាំទ្រក្រុមជ្រុលនិយមរដ្ឋឥស្លាម ដែលគាត់ជាពលរដ្ឋអារ៉ាប់មកពីភាគខាងជើងប្រទេសអ៊ីស្រាអែល។ ប៉ូលិស​​មិនបាន​បញ្ចេញ​ឈ្មោះពួកគេទេ ព្រោះ​ស្ថិតក្នុងការ​ស៊ើបអង្កេត។

ការវាយប្រហារនេះកើតឡើងនៅមុនពេលបុណ្យរ៉ាម៉ាដាន ហើយព្រមទាំងបានគំរាមកំហែងជះឥទ្ធិពលអាក្រក់ដល់ការជួបជុំរបស់រដ្ឋមន្ត្រីការបរទេសនៅវាលខ្សាច់ Negev ដែលជាកន្លែងរៀបចំកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលគេរំពឹងថាជាកិច្ចការសំខាន់ដែលត្រូវពីភាក្សា។ នាយករដ្ឋមន្ត្រី Naftali Bennett បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានពន្យល់ដល់សមភាគីរបស់លោកមកពីសហរដ្ឋអាមេរិក និងប្រទេសអារ៉ាប់ទាំងបួន ដែលបានថ្កោលទោសការវាយប្រហារនេះ។ Lapid បានចេញសេចក្តីថ្លែងការណ៍មួយដោយហៅវាថា “សាហាវឃោរឃៅ” និង “ការប៉ុនប៉ងដោយពួកជ្រុលនិយមហឹង្សា ដើម្បីធ្វើអោយភ័យខ្លាច និងធ្វើឲ្យខូចរបៀបរៀបចំជីវិតនៅទីនេះ” ។

មិន​មាន​ការ​អះអាង​ភ្លាមៗពី​ការ​ទទួល​ខុស​ត្រូវ​នៃការវាយប្រហារ​នោះ​ទេ។ ប៉ុន្តែក្រុម Hamas ដែលជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម គ្រប់គ្រងតំបន់ហ្គាហ្សា បានសរសើរការវាយប្រហារនេះថាជា “ប្រតិបត្តិការវីរភាព”។

វីដេអូ​ក្នុងកាមេរ៉ា​សុវត្ថិភាព​ដែល​បង្ហោះលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​ បាន​បង្ហាញ​ពី​បុរស​មានពុក​ចង្កា​ពីរ​នាក់​បាន​លេច​មុខ​បើក​ការ​បាញ់​ប្រហារ​ក្នុង​ទីក្រុង Hadera មុន​ពេល​ពួកគេ​ត្រូវ​បាន​គេ​បាញ់សម្លាប់។ មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា សមាជិកពីរនាក់នៃអង្គភាពប្រឆាំងភេរវកម្មរបស់ប៉ូលីសព្រំដែនអ៊ីស្រាអែល កំពុងនៅក្នុងភោជនីយដ្ឋានមួយជិតការវាយប្រហារនោះ បានរត់ចេញមកក្រៅ ហើយបានបាញ់សម្លាប់អ្នកវាយប្រហារនោះ។

សេវាសង្គ្រោះរបស់អ៊ីស្រាអែល MADA បានបញ្ជាក់ពីការស្លាប់របស់បុរសម្នាក់ និងស្ត្រីម្នាក់ ហើយបាននិយាយថា មនុស្ស ៤នាក់រងរបួស និងមានពីរនាក់របួសធ្ងន់ធ្ងរ។ គេ​បាន​បញ្ចេញ​វីដេអូ​បង្ហាញ​ពី​រថយន្ត​ប៉ូលិស និង​រថយន្ត​សង្គ្រោះ​ជា​ច្រើន​គ្រឿង​នៅ​កន្លែងកើតហេតុ។

បន្ទាប់ពីការវាយប្រហារកាលពីសប្តាហ៍មុន មន្ត្រីអ៊ីស្រាអែលបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហិង្សាដែលអាចកើតមាននៅមុនថ្ងៃបុណ្យរ៉ាម៉ាដាន នៅពេលដែលភាពតានតឹងផ្នែកសាសនាត្រូវបានកើនឡើងជាញឹកញាប់។ កាល​ពី​ឆ្នាំ​មុន ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប៉ូលិស​អ៊ីស្រាអែល ជាមួយ​បាតុករ​មូស្លីម​ក្នុង​អំឡុង​បុណ្យ​រ៉ាម៉ាដាន​បាន​ផ្ទុះ​​សង្រ្គាម​រយៈពេល ១១​ថ្ងៃ​រវាង​អ៊ីស្រាអែល និង​អ្នក​គ្រប់​គ្រង​ក្រុម​ហាម៉ាស​នៅ​ក្នុងតំបន់​ហ្គាហ្សា។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី usnews ចេញផ្សាយថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here