កងទ័ពកុងហ្គោបាននិយាយថា កាលពីថ្ងៃអង្គារពួកឧទ្ទាមនៅភាគខាងកើតរបស់ប្រទេសបានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រអង្គការសហប្រជាជាតិដែលដឹកអ្នករក្សាសន្តិភាព និងអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិ ហើយអង្គការសហប្រជាជាតិបាននិយាយថាមិនមានអ្នកណាម្នាក់មានជីវិតទេ ក្នុងចំណោមមនុស្សទាំង ៨នាក់នៅលើយន្តហោះ។
យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពកុងហ្គោ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រនេះកំពុងធ្វើការឈ្លបយកការណ៍សម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អមជាមួយនឹងឧទ្ធម្ភាគចក្រមួយទៀតនៅពេលដែលពួកគេត្រូវបានវាយប្រហារ។ កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលើឧទ្ធម្ភាគចក្រកំពុងវាយតម្លៃចលនារបស់សហគមន៍ដែលត្រូវបានវាយប្រហារដោយក្រុមឧទ្ទាម ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ក្រុមឧទ្ទាម M23 បានវាយប្រហារភូមិជាច្រើន រួមមាន Tchanzu, Runyonyi, Ndiza និង Tchengerero ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានមានប្រសាសន៍ក្រោយពេលកើតហេតុថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះបានរកឃើញបំណែកយន្តហោះ ហើយមិនមានមនុស្សនៅរស់រានមានជីវិតទេ។ គាត់បាននិយាយថា សាកសពបុរសទាំងប្រាំបីនាក់ ត្រូវបាននាំយកទៅកាន់ទីក្រុង Goma ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសកុងហ្គោភាគខាងកើត។
លោក Dujarric បានបន្តថា “យើងសូមចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាល និងក្រុមគ្រួសារនៃសមាជិកនាវិកទាំងប្រាំមួយនាក់មកពីប៉ាគីស្ថាន និងបុគ្គលិកយោធាពីរនាក់មកពីប្រទេសរុស្ស៊ី និងស៊ែប៊ី” ។ “ការស៊ើបអង្កេតនៃការធ្លាក់យន្តហោះកំពុងដំណើរការ។”
មុននេះ Dujarric បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រនៅទីនោះ គឺដើម្បីតាមដានស្ថានការណ៍ដែលមានការប្រយុទ្ធគ្នា ប៉ុន្តែបានសុំឱ្យមានការអត់ធ្មត់ ចំពោះមូលហេតុនៃការធ្លាក់របស់វា។ សេចក្តីថ្លែងការណ៍បាននិយាយថា “ប៉ាគីស្ថានតែងតែដើរតួយ៉ាងសំខាន់ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ ដើម្បីជួយអោយសម្រេចបាននូវឧត្តមគតិនៃសន្តិភាព និងសន្តិសុខពិភពលោក តាមរយៈបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ”។
ប្រទេសកុងហ្គោភាគខាងកើត ងាយនឹងកើតមានអសន្តិសុខ ខណៈដែលក្រុមប្រដាប់អាវុធជាច្រើនកំពុងប្រជែងគ្នាដើម្បីគ្រប់គ្រងដីដែលសម្បូរទៅដោយសារធាតុរ៉ែរបស់ខ្លួន។ ក្នុងឆ្នាំ 2012 ក្រុមឧទ្ទាម M23 បានគ្រប់គ្រងតំបន់ធំនៃភាគខាងកើតកុងហ្គោ រួមទាំងទីរួមខេត្ត Goma ផងដែរ។ ក្រុមឧទ្ទាមនៅទីបំផុតត្រូវបានច្រានចេញពីភាគខាងកើតកុងហ្គោចូលទៅក្នុងប្រទេស Uganda និង Rwanda ក្នុងឆ្នាំ 2013 ដោយកងកម្លាំងកុងហ្គោ និងអង្គការសហប្រជាជាតិ។
ទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីរំលាយក្រុមនេះក៏ដោយ ក៏ក្រុមឧទ្ទាម M23 ថ្មីៗនេះបានបង្កើនការវាយប្រហាររបស់ពួកគេនៅក្នុងតំបន់ផងដែរ។
លោកស្រី Bintou Keita តំណាងពិសេសរបស់អង្គការសហប្រជាជាតិដើម្បីកុងហ្គោ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសកុងហ្គោចាប់តាំងពីខែធ្នូ “បានធ្លាក់ចុះ ទោះបីជាប្រតិបត្តិការយោធាធ្វើឡើងដោយកងកម្លាំងសន្តិសុខ និងកងកម្លាំងការពារកុងហ្គោក្រោមស្ថានភាពនៃការឡោមព័ទ្ធក៏ដោយ។”
លោកស្រីបាននិយាយថា ការស្លាប់របស់ជនស៊ីវិល និងការផ្លាស់ប្តូរទីលំនៅបានកើនឡើងជាចម្បងដោយសារតែការសងសឹកបង្ហូរឈាមពីសំណាក់ក្រុមឧទ្ទាមនៃកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្តប្រឆាំងនឹងជនស៊ីវិលដែលរស់នៅក្នុងខេត្ត North Kivu និង Ituri ។ លោកស្រីបានបន្តថា “ក្នុងរយៈពេលបីខែកន្លងមកនេះ យើងបានឃើញការកើនឡើងគួរឱ្យព្រួយបារម្ភនៃសកម្មភាពដោយចលនាឧទ្ទាម M23 នៅ North Kivu” រួមទាំងការវាយប្រហារកាលពីថ្ងៃច័ន្ទដែលផ្តោតលើជនស៊ីវិលនៅក្នុងសហគមន៍ក្បែរ Rutshuru ។ ការប្រយុទ្ធគ្នាថ្មីក៏កំពុងកើតឡើងនៅក្នុងតំបន់ព្រំដែន៣ ក្បែរព្រំប្រទល់ក្រុង Bunagana។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២