សមាជិកសន្តិសុខជាតិអូហៃយូគំរាមបើកយន្តហោះបុកកំទេចរោងចក្រស្រាបៀរ

0

សមាជិកម្នាក់នៃសន្តិសុខជាតិអូហៃយូ (Ohio) ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងបើកយន្តហោះដែលលួចបានបុកចូលទៅក្នុងរោងចក្រស្រាបៀរអេនហៃសើប៊ូស (Anheuser-Busch) ក្នុងទីក្រុងកូឡុំប៊ុស (Columbus)។

ចេម រីគី មៀដេ​ (James Ricky Meade II) អាយុ២៦ឆ្នាំត្រូវបានចោទប្រកាន់ជាមួយនឹងបទឧក្រិដ្ឋកម្រិតទីបីនៃការគំរាមកំហែងភេរវកម្ម បន្ទាប់ពីបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីខែធ្នូថាគាត់ចង់លួចយន្តហោះហើយបើកបុកចូលទៅក្នុងរោងចក្រអេនហៃសើប៊ូស។

ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរមានសម្ថកិច្ច​ក្នុង​តំបន់ និង​បាន​ជូន​ដំណឹង​ដល់​សន្តិសុខជាតិអូហៃយូ បន្ទាប់​ពី​បាន​ឃើញ​ការបង្ហោះនេះ។ ពាក្យបណ្តឹងនេះត្រូវបានដាក់ទៅតុលាការក្រុងហ្វ្រេងឃ្លីន ខោនទី (Franklin County) នៅកាលពីថ្ងៃទី 30 ខែមីនា។ កំណត់ហេតុរបស់តុលាការ ឆ្លុះបញ្ចាំងពីដីកាបង្គាប់មួយត្រូវបានចេញដើម្បីចាប់ខ្លួនលោក មៀដេ នៅថ្ងៃដដែលនោះ។

លោក មៀដេ ត្រូវបានចាប់ខ្លួនក្នុងផ្ទះរបស់គាត់នៅឆេស្ទើហីល (Chesterhill) កាលពីថ្ងៃចន្ទ ដោយសមាជិកនៃក្រុមអ្នកល្បាតផ្លូវហាយវេអូហៃយូ។ សមាជិកនៃការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ និងអង្គការអនុវត្តច្បាប់ពហុយុត្ថាធិការអូហៃយូភាគខាងត្បូងហៅកាត់ថា​ (SOFAST) បាននៅកន្លែងកើតហេតុ នេះបើយោងតាមលោក ឆាល សាន់សូ (Charles Sanso) អនុប្រធានគ្រប់គ្រងនៃនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិក។

លោក មៀដេ ត្រូវបានចាប់ដាក់គុកដំបូងនៅហ្សានេស្វីល (Zanesville) ប៉ុន្តែនឹងត្រូវផ្ទេរទៅពន្ធនាគារ ហ្វ្រេងឃ្លីន ខោនទី ជាទីកន្លែងដែលគាត់នឹងប្រឈមមុខនឹងការចោទប្រកាន់។

មុនពេលដែលគេចាប់ខ្លួនគាត់ លោក មៀដេ បានចុះឈ្មោះនៅក្នុងសន្តិសុខជាតិអូហៃយូក្នុងឆ្នាំ២០១៧ ហើយបានកំពុងធ្វើការជាអ្នកបញ្ជាលើប្រព័ន្ធគ្រប់គ្រងសមរភូមិការពារដែនអាកាសជាមួយកងវរសេនាតូចទី២ នៃកងវរសេនាធំកាំភ្លើងធំការពារដែនអាកាសទី១៧៤ ដែលមានមូលដ្ឋាននៅម៉ក់ខូណែលស្វីល (McConnelsville)។

បច្ចុប្បន្ន លោក មៀដេ គឺជាសមាជិកសន្តិសុខទី២ ដែលត្រូវបានចាប់ខ្លួនពីបទគំរាមកំហែងភេរវកម្មក្នុងសប្តាហ៍នេះតែម្នាក់ឯង។ លោក ថូម៉ាស ដេវេលីន (Thomas Develin) អាយុ ២៤ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែមីនាបន្ទាប់ពីការគំរាមកំហែងដល់បណ្ឌិតសភាកូឡុំប៊ុសតូរ៉ា (Columbus Torah) ដែលជាសាលាឯកជនជនជាតិជ្វីហ្វក្នុងស្រុកមួយ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here