ក្រុមអ្នកវាយប្រហារប៉ាឡេស្ទីនបាញ់ស្លាប់ឆ្មាំសន្តិសុខនៅតំបន់ វេសបេង

0

កាលពីល្ងាចថ្ងៃសុក្រ ក្រុមអ្នកវាយប្រហារប៉ាឡេស្ទីន បានបាញ់សម្លាប់ឆ្មាំសន្តិសុខម្នាក់នៅច្រកចូលទៅកាន់តំបន់លំនៅដ្ឋានជនជាតិជ្វីហ្វក្នុងវេសបេង (West Bank) នេះបើយោងតាមក្រុមគ្រូពេទ្យអ៊ីស្រាអែល។

ទាហ៊ានអ៊ីស្រាអែលបាននិយាយនៅព្រឹកថ្ងៃសៅរ៍ថា ក្រុមអ្នកវាយប្រហារបានមកដល់ច្រកចូលតំបន់លំនៅដ្ឋានអេរៀល (Ariel) ហើយបានបាញ់សម្លាប់អ្នកយាមនៅនឹងកន្លែងធ្វើការរបស់គាត់។ បន្ទាប់​មក ទាហាន​បាន​តាម​ចាប់​អ្នក​វាយ​ប្រហារ​នៅ​តំបន់វេសបេង។

ការវាយប្រហារកាលពីថ្ងៃសុក្រគឺជាសកម្មភាពចុងក្រោយបង្អស់នៃការសម្លាប់របស់ជនជាតិប៉ាឡេស្ទីន នៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់វេសបេងក្នុងរយៈពេលពីរខែចុងក្រោយនេះ ដែលបានបណ្តាលឲ្យជនជាតិអ៊ីស្រាអែល១៤នាក់បានស្លាប់។

ក្រុម​ភេរវករ​ហាម៉ាសបាន​សាទរ​ចំពោះ​ការ​បាញ់​សម្លាប់​នេះ ប៉ុន្តែ​មិន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ទេ។

អ្នកនាំពាក្យលោក ហាសេម កាសេម (Hazem Qassem) បាននិយាយថា “ប្រតិបត្តិការនេះបង្ហាញឱ្យឃើញថាការធ្វើបដិវត្តន៍កំពុងរាលដាលយ៉ាងរហ័សនៅពាសពេញតំបន់វេសបេង”។ «នេះ​ជា​ការអនុវត្ត​ជាក់ស្តែង​នៃ​ការ​ប្រកាស​របស់​ប្រជាជន​យើង ​ដែល​ថា​ក្រុងយេរូសាឡឹម​ជាចំណុចគ្រោះថ្នាក់»។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយ កងកម្លាំងអ៊ីស្រា អែលបានបាញ់សម្លាប់បុរសជនជាតិប៉ាឡេស្ទីនម្នាក់កាលពីព្រឹកថ្ងៃសៅរ៍ អំឡុងពេលមានការប៉ះទង្គិចគ្នានៅភូមិ Azoun ក្បែរទីក្រុង Qalqilya ។

ភាពតានតឹងបានកើតឡើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក្នុងខែនេះ នៅទីសក្ការៈបូជាមួយក្នុងទីក្រុងយេរូសាឡឹមជាកន្លែងដែលអ្នកគោរពបូជាប៉ាឡេស្ទីនមានជម្លោះប្រចាំថ្ងៃជាមួយប៉ូលិសអ៊ីស្រាអែល។

កាលពីព្រឹកថ្ងៃសុក្រនៅកន្លែងដ៏ពីសិដ្ឋ ប្រជាជនប៉ាឡេស្ទីនបានគប់ដុំថ្ម ហើយប៉ូលិសអ៊ីស្រាអែលបានបាញ់គ្រាប់កាំភ្លើងជ័រត្រឡប់ទៅវិញ។

យោងតាមសំដីប៉ូលិស ប្រជាជនប៉ាឡេស្ទីននៅខាងក្នុងបរិវេណវិហារឥស្លាម អាល់អាកសា (Al-Aqsa) បានចាប់ផ្តើមគប់ដុំថ្ម និងបាញ់កាំជ្រួចតម្រង់ទៅកាន់ច្រកទ្វារដែលមានការយាមកាមតឹងរឹងរហូតទៅដល់ជញ្ជាំងខាងលិច ដែលជាទីតាំងមួយសម្រាប់ប្រជាជនជ្វីហ្វអាចអធិស្ឋានបាន។ បន្ទាប់​មក​ប៉ូលិស​បាន​បន្ត​ចូល​ទៅ​ក្នុង​បរិវេណ​នោះ ហើយ​បាន​បាញ់​គ្រាប់​កាំភ្លើង​ជ័រ។

ការប៉ះទង្គិចគ្នាបានបញ្ចប់ប្រហែលជាមួយម៉ោងក្រោយមក នៅពេលដែលជនជាតិប៉ាឡេស្ទីនផ្សេងទៀតនៅក្នុងបរិវេណនោះបានបញ្ចុះបញ្ចូលភាគីទាំងពីរឱ្យបញ្ឈប់ការវាយប្រហាររបស់ពួកគេ។ យោងតាម សេវាសង្គ្រោះបន្ទាន់របស់អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន មានមនុស្សប្រមាណជាជាង ៤០នាក់បានរងរបួស។ ប៉ូលីសអ៊ីស្រាអែលបាននិយាយថាមនុស្ស៣នាក់ត្រូវបានចាប់ខ្លួន៕

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here