ប៉ូលិស និងមេធាវីការពារក្តី បាននិយាយកាលពីថ្ងៃអាទិត្យថា ជនសង្ស័យក្នុងការបាញ់ប្រហារមួយដ៏ធំនៅអំឡុងពេលប្រារពពិធីទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ) នៅប្រទេសន័រវែស បានបដិសេធមិនប្រាប់ពីសកម្មភាពរបស់គាត់ទៅកាន់អ្នកស៊ើបអង្កេតទេ ហើយគាត់នឹងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នសម្រាប់រយៈពេល៤សប្តាហ៍បន្ទាប់។
អាជ្ញាធរបានពណ៌នាថា ជនសង្ស័យជាពលរដ្ឋន័រវែស អាយុ៤២ឆ្នាំ មានដើមកំណើតមកពីប្រទេសអ៊ីរ៉ង់ ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការបាញ់ប្រហារនៅ កន្លែងកម្សាន្តពេលរាត្រី របស់ទីក្រុអូស្លូ (Oslo) កាលពីព្រឹកថ្ងៃសៅរ៍។ គាត់ត្រូវបានឃុំខ្លួនដោយសង្ស័យពីបទឃាតកម្មដូចជា ការប៉ុនប៉ងមនុស្សឃាត និងអំពើភេរវកម្ម។
មនុស្ស២នាក់ស្លាប់ និងប្រមាណជាជាង២០នាក់រងរបួស ហើយដែលសេវាសន្តិសុខន័រវែសបានហៅថា “អំពើភេរវកម្មអ៊ីស្លាម” ។
មេធាវីការពារក្តីរបស់ ម៉ាតាពួ (Matapour) គឺលោក ចន គ្រីស្ទីន អែលឌិន (John Christian Elden) បានប្រាប់សារព័ត៌មាន The Associated Press តាមអ៊ីម៉ែលថា កូនក្តីរបស់គាត់បដិសេធមិនព្រមឲ្យថតសំឡេងសេចក្តីថ្លែងការណ៍ និងថតជាវីដេអូគាត់ទេ លុះត្រាតែប៉ូលិសបានបង្ហាញការថតសំឡេងទាំងមូលជាសាធារណៈ “ដោយគ្មានការពន្យាពេល ដូច្នេះវានឹងមិនត្រូវបានគេចាប់ពិរុទ្ធ ឬរៀបចំ” ។
ការថតសំឡេងការសួរចម្លើយ គឺជាការអនុវត្តរបស់ប៉ូលីសស្តង់ដារ។
អែលឌិន (Elden) បាននិយាយកាលពីមុនថា កូនក្តីរបស់គាត់មិនបានបដិសេធថាជាអ្នកបាញ់នោះទេ ប៉ុន្តែមិនបានបកស្រាយពីហេតុផលណាមួយឡើយ។ មេធាវីបាននិយាយកាលពីថ្ងៃអាទិត្យថា ម៉ាតាពួ មិនជំទាស់នឹងការជាប់ឃុំឃាំងរយៈពេល ៤សប្តាហ៍ទេ ដូច្នេះគាត់នឹងមិនបានបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃច័ន្ទ។
គួរបញ្ជាក់ផងដែរថានៅប្រទេសន័រវែស សវនាការលើការឃុំខ្លួនបណ្តោះអាសន្ន ជាធម្មតាធ្វើឡើងរៀងរាល់បួនសប្តាហ៍ម្តង។
នាយករដ្ឋមន្ត្រីន័រវេស និងសមាជិកនៃគ្រួសាររាជវង្ស បានចូលរួមកាន់ទុក្ខជនរងគ្រោះនៃការវាយប្រហារនេះ នៅឯវិហារអូស្លូ កាលពីថ្ងៃអាទិត្យ ។
ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅទីតាំង៣កន្លែង រួមទាំងនៅខាងក្រៅឡុងដុងផាប់ (London Pub) ដែលជាបារខ្ទើយដ៏ពេញនិយមនៅទីក្រុងអូស្លូ។ ប៉ូលិសស៊ើបអង្កេតនិយាយថា វាដូចជាលឿនពេកក្នុងការនិយាយថាតើអ្នកវាយប្រហារសំដៅជាពិសេសទៅលើសហគមន៍ស្រឡាញ់ភេទដូចគ្នា។
ក្បួនដង្ហែទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ ត្រូវបានផ្អាកដោយសារតែហេតុការណ៍បាញ់ប្រហារនេះ។
នាយករដ្ឋមន្ត្រីន័រវែស លោក ចូណាស ហ្គារ ស្តូរ៉េ (Jonas Gahr Stoere) បាននិយាយក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះកាលពីថ្ងៃអាទិត្យថា “ការបាញ់ប្រហារនាពេលរាត្រីបានបិទបញ្ចប់នូវក្បួនដង្ហែរ ទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែវាមិនបានបញ្ឈប់ការប្រយុទ្ធ និងការខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងភេទ ការប្រកាន់ពូជសាសន៍ និងការស្អប់ខ្ពើមគ្នាឡើយ”។
គាត់ក៏បានថ្លែងទៅកាន់សហគមន៍មូស្លីមរបស់ប្រទេសន័រវែសផងដែរថា “ខ្ញុំដឹងថា តើមនុស្សប៉ុន្មាននាក់មានអារម្មណ៍យ៉ាងណា នៅពេលដែលដឹងថាជនល្មើសជាសហគមន៍អ៊ីស្លាម។ មនុស្សជាច្រើនធ្លាប់ជួបប្រទះភាពភ័យខ្លាច និងភាពចលាចល។ អ្នកគួរតែដឹងពីរឿងនេះ “យើងឈរជាមួយគ្នា យើងជាសហគមន៍តែមួយ ហើយយើងទទួលខុសត្រូវចំពោះសហគមន៍រួមគ្នា”។ លោក ស្តរ៉េ និយាយក្នុងអំឡុងពេលគោរពវិញ្ញាណក្ខន្ធ ដែលមានការចូលរួមពីព្រះមហាក្សត្រិយានី មេតេ ម៉ារីត (Mette-Marit) ផងដែរ៕
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២