បុរសពីរនាក់ទៀតត្រូវបានចាប់ខ្លួននៅរដ្ឋអាសាម (Assam) ដែលមានទំនាក់ទំនងនឹងក្រុមភេរវករបង់ក្លាដែស

0

Guwahati: ប៉ូលីសក្នុងរដ្ឋអាសាម (Assam) បានចាប់ខ្លួនបុរសពីរនាក់ទៀតមកពីស្រុកបាពីតា (Barpeta) ពីបទសង្ស័យថាមានទំនាក់ទំនងជាមួយនឹងអង្គការភេរវកម្មនៅក្នុងប្រទេសបង់ក្លាដែស ដែលជាផ្នែកមួយនៃបណ្តាញអាល់កៃដា។

បុរស​ម្នាក់​ក្នុង​ចំណោម​បុរសដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ពី ហ្គារ៉េម៉ារី ប៉ាថា (Garemari Pathar) ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ឃុំ​ខ្លួន​របស់​ប៉ូលិស​រយៈពេល ៨ ថ្ងៃ​ដោយ​តុលាការ​ក្នុង​តំបន់ ខណៈដែលអ្នកផ្សេង​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ពី​ភូមិ​មួយ​ក្នុង​តំបន់កាហ្គាឈី(Kalgachia)។

កាលពីថ្ងៃចន្ទ អគ្គនាយកប៉ូលិសពិសេស (ច្បាប់ និងសណ្តាប់ធ្នាប់) លោក ជីយ៉ា​​នីនដ្រា ប្រាធេប សីង (Gyanendra Pratap Singh) បានមានប្រសាសន៍ថា មនុស្ស 11 នាក់ត្រូវបានចាប់ខ្លួននៅ ម៉ូរីហ្គាអន ហ្គូអាប៉ារ៉ា ហ្គូវ៉ាហាទី និងបាពីតា (Morigaon, Goalpara, Guwahati និង Barpeta) ដោយចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម អានសារ៉ុល បង់ក្លា (Ansarul Bangla Team (ABT) ដែលមានមូលដ្ឋាននៅប្រទេសបង់ក្លាដែស។

ក្រុមមួយមកពី ទីភ្នាក់ងារស៊ើបអង្កេតជាតិ (NIA) ដែលបានទៅដល់បាពីតា (Barpeta) កាលពីថ្ងៃអង្គារ ឥឡូវនេះកំពុងសួរចម្លើយជនជាប់ចោទទាំងអស់នោះ។ កម្លាំង​ជំនាញ​នគរបាល​រដ្ឋ​អាសាម កំពុង​សាកសួរ​ពួកគេ​ផង​ដែរ។

ការចាប់ខ្លួនជាបន្តបន្ទាប់បានចាប់ផ្តើមនៅក្នុងទីក្រុង ម៉ូរីហ្គាអន(Morigaon) គឺបុរសម្នាក់ឈ្មោះ ម៉ូទី មូស្តាហ្វា(Mufti Mustafa) ដែលជាអ្នកគ្រប់គ្រងគ្រឹះស្ថានអប់រំ ម៉ាដ្រាសា នៅក្នុងភូមិ សូរ៉ូឈូឡា(Soruchola) កាលពីថ្ងៃទី 26 ខែកក្កដា និងម្ចាស់ហាងកុំព្យូទ័រម្នាក់ឈ្មោះ អាសារ៉ូឌីន ប៊ូយាន(Afsaruddin Bhuyan) ត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់។

ប៉ូលីសបាននិយាយថាពួកគេកំពុងរក្សាការឃ្លាំមើលនៅលើ គ្រឹះស្ថានអប់រំ (madrasas) ឯកជននៅទូទាំង រដ្ឋអាសាម(Assam) សម្រាប់រាល់ “សកម្មភាពគួរឱ្យសង្ស័យ” ។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី NDTV ចេញផ្សាយថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here