ទីក្រុងឡុងដ៍ៈ ប៉ូលីសក្រុង ម៉េត្រូប៉ូលីថេន(Metropolitan) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ថាកាលពីថ្ងៃពុធ ប៉ូលិសក្នុងប្រទេសអង់គ្លេសបានចាប់ខ្លួនបុរសអាយុ ៣៨ឆ្នាំម្នាក់ នៅអាកាសយានដ្ឋាន លូតុន(Luton) ក្រោមការចោទប្រកាន់ពី អំពើភេរវកម្ម។
តាមសារពត៌មាន BBC បានរាយការណ៍ថា បុរសដែលត្រូវបានចាប់ខ្លួនគឺឈ្មោះ អាណេ ដេវីស(Aine Davis) ដែលត្រូវបានចោទប្រកាន់ថា ជាផ្នែកនៃកោសិការក្រុមរដ្ឋអ៊ីស្លាម (ISIS) ដែលបានសម្លាប់ចំណាប់ខ្មាំង។ បុរសបួននាក់ដែលនៅជាមួយក្រុម ISIS ក្នុងប្រទេសស៊ីរី ត្រូវបានគេដាក់រហស្សនាមថា “The Beatles” ដោយចំណាប់ខ្មាំង ព្រោះតែការនិយាយភាសារអង់គ្លេសរបស់ពួកគេ។
សេចក្តីថ្លែងការណ៍របស់ប៉ូលីស មិនបានកំណត់អត្តសញ្ញាណជនដែលត្រូវបានចាប់ខ្លួននោះទេ។ គេបាននិយាយថាបុរសម្នាក់ត្រូវបានចាប់ខ្លួន “ពាក់ព័ន្ធនឹងបទល្មើសនៅក្រោមផ្នែកទី 15, 17 និង 57 នៃច្បាប់ភេរវកម្មឆ្នាំ 2000 ហើយត្រូវបានគេនាំទៅស្ថានីយ៍ប៉ូលីសភាគខាងត្បូងទីក្រុងឡុងដ៍ ដែលបច្ចុប្បន្នគាត់ជាប់ក្នុងការឃុំឃាំងរបស់ប៉ូលីស” ។
សារពត៌មាន BBC បានរាយការណ៍ថា ដេវីស(Davis) មកពីទីក្រុងឡុងដ៍ បានហោះចូលអាកាសយានដ្ឋាន Luton បន្ទាប់ពីគាត់ត្រូវបានដោះលែងពីពន្ធនាគារក្នុងប្រទេសទួរគី ជាទីកន្លែងដែលគាត់កំពុងជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំកន្លះ ដោយការជាប់ទោសពីបទអំពើភេរវកម្ម។
កោសិកាក្រុមរដ្ឋអ៊ីស្លាម ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិបន្ទាប់ពីបានចេញផ្សាយវីដេអូនៃឃាតកម្មក្នុងឆ្នាំ 2012 ដល់ឆ្នាំ 2015 នៃពលរដ្ឋអាមេរិកបួននាក់ – អ្នកកាសែត ជេម ហ្វូលី(James Foley) និងស្ទេវិន សូតឡូស (Steven Sotloff) រួមទាំងបុគ្គលិកផ្តល់ជំនួយ កាលា ម៊ូលឺ(Kayla Mueller) និងភីធឺ កាសិក(Peter Kassig) ។ ជនរងគ្រោះផ្សេងទៀតរួមមានបុគ្គលិកផ្តល់ជំនួយជនជាតិអង់គ្លេសពីរនាក់ និងអ្នកកាសែតជប៉ុនពីរនាក់។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ