ក្រុមជ្រុលនិយម អាល់សាបា(Al-Shabab) សម្លាប់អ្នកដំណើរយ៉ាងតិច ២០នាក់នៅក្នុងប្រទេសសូម៉ាលី

0

កាលពីព្រឹកថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសូម៉ាលី និងអ្នករស់នៅទីនោះ និយាយថាក្រុមជ្រុលនិយម អាល់សាបា(al-Shabab) បានសម្លាប់មនុស្សយ៉ាងតិច 20 នាក់ និងបានដុតកំទេចរថយន្តចំនួន 7 គ្រឿងដែលដឹកជញ្ជូនម្ហូបអាហារនៅក្នុងតំបន់ហ៊ីរ៉ាន(Hiran)។

អ្នករស់នៅទីនោះបាននិយាយថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការចល័តក្នុងតំបន់ប្រឆាំងនឹងក្រុមសម្ព័ន្ធពួកអាល់កៃដា។

អ្នកស្រុក ហាសាន អាឌូឡេ(Hassan Abdulle) បានប្រាប់សារព័ត៌មាន Associated Press តាមទូរស័ព្ទថា “ជនរងគ្រោះគឺជាអ្នកបើកបរ និងអ្នករួមដំណើរ ដែលដឹកជញ្ជូនម្ហូបអាហារពី ប៊ីឡេតវៃណេ(Beletweyne) ទៅកាន់ ម៉ាហាស(Mahas) ហើយរថយន្តចំនួនសរុប 7 គ្រឿងដែលផ្ទុកអាហារ និងរថយន្តដែលប្រើប្រាស់ដោយអ្នកដំណើរត្រូវបានដុតឆេះ” ។

ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលបានបំផ្លាញគ្រាប់មីន ដែលក្រុម អាសាបា(al-Shabab) បានដាក់រាយនៅលើផ្លូវដ៏មមាញឹកដែលតភ្ជាប់ពីទីក្រុងប៊ីឡេតវៃណេ(Beletweyne) និង ម៉ាតាបាន(Mataban) ដោយមានគោលដៅទៅលើអ្នកធ្វើដំណើរ។

អាសាបា(Al-Shabab) បាន​បញ្ជាក់​ពី​ការ​វាយ​ប្រហារ​នេះ ហើយ​បាន​អះអាង​ថា​បាន​សម្លាប់​សមាជិក​កងជីវពល​ចល័ត​ក្នុង​ស្រុក​ចំនួន ២០ នាក់​។

រដ្ឋាភិបាលសូម៉ាលី បានថ្កោលទោសចំពោះការវាយប្រហារ “ដ៏ព្រៃផ្សៃ” និងបានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនសម្រាប់ការចល័តក្នុងតំបន់ដើម្បីប្រឆាំងនឹងក្រុមជ្រុលនិយម ដែលកាន់កាប់ផ្នែកសំខាន់ៗនៃភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសសូម៉ាលី។

អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី foxnews ចេញផ្សាយថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here