ទីក្រុងប្រ៊ូសែល៖ ព្រះរាជអាជ្ញាបានអោយដឹងថា មនុស្សម្នាក់បានស្លាប់កាលពីថ្ងៃពុធ នៅក្នុងការបាញ់ប្រហារមួយជាមួយប៉ូលីសប៊ែលហ្ស៊ិក នាអំឡុងពេលនៃការវាយឆ្មក់ទៅលើក្រុមដែលសង្ស័យថាជាក្រុម ជ្រុលនិយម។ ប្រតិបត្តិការនេះសំដៅទៅលើទីតាំងជាច្រើនជុំវិញទីក្រុងភាគខាងជើងនៃទីក្រុង Antwerp ហើយត្រូវបានចាប់ផ្តើមប្រឆាំងនឹង “ការរៀបចំនៃការវាយប្រហារភេរវកម្ម” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ព្រះរាជអាជ្ញាបាននិយាយថា “អាវុធ និងគ្រាប់រំសេវជាច្រើន” ត្រូវបានរឹបអូសនៅក្នុងការវាយឆ្មក់នេះ។ ពួកគេបាននិយាយថា អាវុធមួយចំនួនត្រូវបានចុះបញ្ជីស្របច្បាប់។
ក្នុងពេលនៃការវាយឆ្មក់មួយ “ការបាញ់ប្រហារគ្នាបានកើតឡើងរវាងអ្នកអនុវត្តច្បាប់ និងមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននៅខាងក្នុងអគារមួយ។ មនុស្សម្នាក់នោះបានស្លាប់” ។ សេចក្តីថ្លែងការណ៍ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីការបាញ់ប្រហារ ឬក្រុមគោលដៅនោះទេ។
កាលពីចុងសប្តាហ៍មុន ជនសង្ស័យហូឡង់បួននាក់ត្រូវបានចាប់ខ្លួន ដូចដែលព្រះរាជអាជ្ញាប្រាប់ថាជាផែនការចាប់ជំរិតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប៊ែលហ្សិក លោក Vincent Van Quickenborne។
វាមិនត្រូវបានគេដឹងថា តើឧបទ្ទវហេតុនោះត្រូវបានផ្សារភ្ជាប់ទៅនឹងការវាយឆ្មក់កាលពីថ្ងៃពុធលើទីតាំងនៅ Antwerp និងជាយក្រុង, ភូមិ Kasterlee ក្បែរនោះ និងទីក្រុង Ghent នោះទេ។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី NDTV ចេញផ្សាយថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២