យោងតាម Arabiya News អ្នកនាំពាក្យក្រុមភេរវករបាននិយាយថា ហាស៊ីមី(Hashimi) ជនជាតិអ៊ីរ៉ាក់ត្រូវបានស្លាប់ “នៅក្នុងការប្រយុទ្ធជាមួយសត្រូវរបស់ព្រះ” ដោយមិនបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទនៃការស្លាប់របស់គាត់ ឬស្ថានភាពបែបណាទេ។
គូរៃស៊ី(Quraishi) គឺសំដៅទៅលើកុលសម្ព័ន្ធមួយនៃព្យាការី Mohammad ជាមេដឹកនាំ ISIS ដែលទាមទារត្រូវតែមានខ្សែស្រឡាយ។
អាចាហ្សឺរ៉ា(Al-Jazeera) និយាយថា អ្នកនាំពាក្យ Abu Omar al-Muhajer បានដាក់ឈ្មោះមេដឹកនាំថ្មីរបស់ក្រុមនេះថា Abu al-Hussein al-Husseini al-Quraishi ។
គេបានដឹងតិចតួចពី Abu Hasan al-Hashimi al-Quraishi ដែលបានចូលកាន់តំណែងជាអ្នកដឹកនាំក្រុមបន្ទាប់ពីការស្លាប់របស់ Abu Ibrahim al-Quraishi ដែលជាអ្នកស្នងតំណែងមុនរបស់គាត់ នៅក្នុងការវាយឆ្មក់របស់សហរដ្ឋអាមេរិកកាលពីខែកុម្ភៈ នៅខេត្ត Idlib ភាគពាយ័ព្យនៃប្រទេសស៊ីរី។
អាល់គូរៃស៊ី(Al-Quraishi) ត្រូវបានគេជឿថាជាឈ្មោះ de guerre ដែលមេដឹកនាំ ISIL ជាច្រើនបានទទួលយក។
ទន្ទឹមនឹងនេះដែរ វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) បានរាយការណ៍កាលពីថ្ងៃទី ៣០ ខែវិច្ឆិកាថា សំដីពីក្រុមភេរវករ ISIS បាននិយាយថា ពួកគេបានបាត់បង់មេដឹកនាំទីពីររបស់ខ្លួនក្នុងរយៈពេលមិនដល់មួយឆ្នាំផង។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ក្រោយមកបានចេញសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួន ដោយបញ្ជាក់ថា Abu al-Hassan ត្រូវបានសម្លាប់កាលពីពាក់កណ្តាលខែតុលា នៅក្នុងខេត្ត Daraa ភាគខាងត្បូងនៃប្រទេសស៊ីរី ដោយកងទ័ពស៊ីរីសេរី (Free Syrian Army)។ ជាក្រុមបោះបោរដែលមិនសហការជាមួយសហរដ្ឋអាមេរិក។
ការដឹកនាំរបស់ក្រុម ISIS ត្រូវបានគេរាយការណ៍ថា បានទទួលរងការវាយប្រហារញឹកញាប់នៅត្រីមាសនានាក្នុងឆ្នាំនេះ ប៉ុន្តែអ្នកនាំពាក្យ CENTCOM របស់សហរដ្ឋអាមេរិក លោក កូឡូនែល ចូ ប៊ូស៊ីណូ(Colonel Joe Buccino) បាននិយាយថា ក្រុមនេះ “នៅតែជាការគំរាមកំហែងដល់តំបន់” ។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី ASIA PLUS ចេញផ្សាយថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២