ទាហានតួកគី៦នាក់ស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយក្រុមឃឺដ

0

ប្រទេសតួកគី៖ មន្រ្តីក្រសួងការពារជាតិតួកគីបាននិយាយថា ទាហានតួកគី ៦នាក់ស្លាប់ និងម្នាក់រងរបួសកាលពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺដ (PKK) ខុសច្បាប់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

មន្ត្រីក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ហេតុការណ៍ប៉ះទង្គិចគ្នានេះបានផ្ទុះឡើងបន្ទាប់ពីសមាជិកគណបក្សពលករឃឺដ បានព្យាយាមឆ្មក់ចូលមូលដ្ឋានតួកគីនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ហោចណាស់ក្រុមសកម្មប្រយុទ្ធ ១៣នាក់ ត្រូវបានបង្ក្រាប ហើយមន្ត្រីក្រសួងបានបន្ថែមថាការប៉ះទង្គិចគ្នានៅក្នុងតំបន់បន្តកើតមានជាមួយកម្លាំងទ័ពអាកាសតួកគី ដោយការវាយប្រហារតាមអាកាសទៅលើទីតាំងជាច្រើនរបស់គណបក្សពលករឃឺដ។

អាជ្ញាធរតួកគីជាញឹកញាប់បានប្រើពាក្យ “ជ្រុលនិយម” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលលើកទង់សសុំចុះចាញ់ ឬត្រូវបានសម្លាប់ និងចាប់ខ្លួន។

នៅក្នុងជម្លោះមួយផ្សេងទៀតជាមួយគណបក្សពលករឃឺដនៅក្នុងប្រទេសអ៊ីរ៉ាក់ ទាហានតួកគី ៦នាក់ ត្រូវបានសម្លាប់ និងរងរបួសម្នាក់កាលពីថ្ងៃសុក្រ ទី២២ ខែធ្នូ។

ជារឿយៗ កម្លាំងតួកគីតែងធ្វើប្រតិបត្តិការតាមផ្លូវគោក ផ្លូវអាកាស និងផ្លោងគ្រាប់កាំភ្លើងធំទៅលើទីតាំងរបស់គណបក្សពលករឃឺដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ជាពិសេសភ្នំឃ្វានឌីល ដែលជាមូលដ្ឋានសំខាន់របស់ពួកគេ។

រដ្ឋាភិបាលតូកគីបានបើកប្រតិបត្តិការខ្លរឡក់ (Claw-Lock) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ កាលពីខែមេសា ឆ្នាំ២០២២ ដើម្បីប្រយុទ្ធប្រឆាំងនឹងគណបក្សពលករឃឺដ។

គួរបញ្ជាក់ផងដែរថា គណបក្សពលករឃឺដ ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាលតួកគី​អស់​រយៈពេល​ប្រមាណជាជាង​បី​ទសវត្សរ៍​មក​ហើយ ដែលគណបក្សនេះត្រូវបានប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានចាត់ទុកថាជាអង្គការភេរវកម្ម៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here