គ្រាប់បែកអត្តឃាតផ្ទុះសម្លាប់រដ្ឋមន្ត្រីតាលីបង់ក្នុងទីក្រុងកាប៊ុល

0

 

រដ្ឋមន្ត្រីក្រសួងជនភៀសខ្លួនតាលីបង់លោក ខាលី ហាកហ្កានី ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅខាងក្នុងក្រសួងមហាផ្ទៃក្នុងទីក្រុងកាប៊ុល ដែលជនរងគ្រោះជាបុគ្គលជាន់ខ្ពស់បំផុតមួយរូបនៃចលនា ចាប់តាំងពីពេលចលនានេះវិលត្រលប់មកកាន់អំណាចវិញក្នុងប្រទេសអាហ្វហ្កានីស្ថានក្នុងឆ្នាំ២០២១។

ប្រភពក្រសួងមហាផ្ទៃបាននិយាយថា មនុស្ស៦នាក់ផ្សេងទៀត​ស្លាប់​ក្នុងហេតុការណ៍ផ្ទុះ ស្របពេលដែលលោក ហាក ហ្កានី ចាកចេញពីការិយាល័យ។ លោក ខាលីល ហាកហ្កានី គឺជាសមាជិកកំពូលមួយរូបនៃចលនាដ៏មានឥទ្ធិពលមួយនៅក្នុងក្រុមតាលីបង់ ដែលត្រូវបានគេហៅថា បណ្តាញ ហាកហ្កានី ហើយសហរដ្ឋអាមេរិកចាត់ទុកថាជាក្រុមភេរវករពិភពលោក។

មិនទាន់មានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ ប៉ុន្តែក្រុមតាលីបង់បានចោទថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាអ្នកប្រព្រឹត្ត។

ប្អូនប្រុសរបស់លោក​ ខាលីល ហាកហ្កានី គឺលោក ចាឡាឡូដឌីន ធ្លាប់ជាមេដឹកនាំទ័ពព្រៃដ៏ល្បីល្បាញ ដែលធ្លាប់ប្រយុទ្ធគ្នាជាមួយកម្លាំងទ័ពសូវៀតក្នុងប្រទេសអាហ្វហ្កានីស្ថាន ក្នុងឆ្នាំ១៩៨០ និងបានបង្កើតបណ្តាញ ហាក ហ្កានី ដែលនៅពីក្រោយការវាយប្រហារជាច្រើនលើកក្នុងអំឡុងការប៉ះបោររយៈពេល២០ឆ្នាំរបស់ក្រុមតាលីបង់។

លោក ស៊ីរ៉ាជូដឌីន ហាក ហ្កា​នី ដែលជាក្មួយប្រុសលោករដ្ឋមន្ត្រី និងត្រូវជាកូនរបស់លោក ចាឡាឡូដឌីន គឺជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបច្ចប្បន្នក្នុងរដ្ឋាភិបាលតាលីបង់។

ដោយសារស្ថានភាពសន្តិសុខទាំងមូលក្នុងប្រទេសអាហ្វហ្កានីស្ថានមានភាពប្រសើរឡើង ចាប់តាំងពីក្រុមតាលីបង់ទទួលបានការគ្រប់គ្រងពេញលេញ និងមានការដកកងទ័ពបរទេសទាំងស្រុងក្នុងឆ្នាំ២០២១ ក៏ដោយ ក៏នៅតែបន្តមានការបំផ្ទុះគ្រាប់បែក និងការវាយប្រហារអត្តឃាតក្នុងប្រទេសជារៀងរាល់ឆ្នាំ។

គួរំលឹកផងដែរថា ការវាយប្រហារភាគច្រើនត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រចាំខេត្តខូរ៉ាសាន ឬហៅកាត់ថា (ISKP) ជាសាខាក្នុងតំបន់របស់ក្រុមសកម្មប្រយទ្ធរដ្ឋអ៊ីស្លាម ដែលជាគូប្រជែងធំបំផុតរបស់ក្រុមតាលីបង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here