ប្រទេសតួកគី៖ អ្នកយកព័ត៌មានជាតិតេអាតេបានរាយការណ៍ថា ប៉ូលិសតួកគីបានឃុំខ្លួនមនុស្ស៥នាក់ក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃចន្ទ ដោយសង្ស័យពីបទផ្តល់ហិរញ្ញប្បទានដល់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)។
អ្នករាយការណ៍ព័ត៌មានបានបន្ថែមថា ដោយផ្អែកលើរបាយការណ៍ស៊ើបអង្កេតមួយដែលធ្វើឡើងដោយការិយាល័យប្រធានរដ្ឋអាជ្ញា អាជ្ញាធរបានកំណត់អត្តសញ្ញាណជនសង្ស័យ៧នាក់ដែលមានជាប់ពាក់ព័ន្ធដោយខុសច្បាប់ក្នុងការបញ្ជូនថវិការទៅឱ្យសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅតំបន់ជម្លោះ។
ដីការចាប់ខ្លួនត្រូវបានប្រកាសដោយចោទប្រកាន់ពីបទ “សមាជិកនៃអង្គការភេរវកម្មប្រដាប់អាវុធ” និង “បំពានច្បាប់ស្តីពីការទប់ស្កាត់ការផ្តល់ហិរញ្ញប្បទានភេរវកម្ម”។
សេចក្តីរាយការណ៍មានខ្លឹមសារបន្ថែមថា ប៉ូលិសបានវាយឆ្មក់ក្នុងពេលដំណាលគ្នានៅទីតាំង៧កន្លែងផ្សេងគ្នានៅទូទាំងទីក្រុងអ៊ីស្តង់ប៊ុល ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់។ កិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនជនសង្ស័យ២នាក់ផ្សេងទៀតកំពុងដំណើរការ។
ក្នុងអំឡុងពេលវាយឆ្មក់នេះ ប្រាក់សុទ្ធចំនួន៥៥.០០០អឺរ៉ូ និងឯកសារអង្គការចាត់តាំងផ្សេងទៀតៗត្រូវបានរឹបអូស។
គួររំលឹកផងដែរថា ប្រទេសតួកគីបានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) គឺជាអង្គភាពភេរវកម្មក្នុងឆ្នាំ២០១៣ ហើយប្រទេសមួយនេះរងការវាយប្រហារដោយក្រុម IS ជាច្រើនលើក។ ទីក្រុងអង់ការ៉ាបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មជាបន្តបន្ទាប់ទាំងក្នុងនិងក្រៅប្រទេសដើម្បីជាការឆ្លើយតបទៅនឹងទង្វើពួកគេ៕