ប្រទេសអ៊ីរ៉ាក់៖ ក្រសួងការពារជាតិអ៊ីរ៉ាក់បានប្រកាសនៅថ្ងៃសុក្រនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការចាប់ខ្លួនយុទ្ធជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៧នាក់នៅភាគខាងជើងខេត្តកឺកុក។
ក្រសួងនិយាយថា ដោយការអនុវត្តន៍បទបញ្ជារបស់អគ្គបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេត និងលុបបំបាត់អំពើរភេរវកម្ម និងប្រភពរបស់វា នាយកដ្ឋានចារកម្មរបស់យោធាបានធ្វើប្រតិបត្តិការជាច្រើនលើក ដែលអាចឈានទៅដល់ការចាប់ខ្លួនភេរវករ៧នាក់ ដែលតុលាការអ៊ីរ៉ាក់ស្វែងរកចាប់ខ្លួន។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ម្នាក់ក្នុងចំណោមយុទ្ធជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមទាំងនោះ គឺជាអ្នកដឹកជញ្ជូនបុគ្គលិក អាវុធ សម្ភារៈ និងភស្តុភារ។ អាវុធ សម្ភារៈ និងភស្តុភារទាំងនោះត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរពាក់ព័ន្ធ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់សំងំលាក់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតតែងតែលួចវាយឆ្មក់ជាញឹកញាប់មកលើកម្លាំងសន្តិសុខ និងជនស៊ីវិល៕