មន្ត្រីជាន់ខ្ពស់នៃកងទ័ពប៉ាគីស្ថានបាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់បុគ្គលិកសន្តិសុខ៣៨៣នាក់ និងភេរវករ៩២៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការចំនួន៥៩.៧៥៥លើកដែលត្រូវបានធ្វើឡើងនៅទូទាំងប្រទេសប៉ាគីស្ថានក្នុងឆ្នាំ២០២៤។
លោក អាហមិដ ស្ហារ៉ីហ្វ ឆោឌ្រី អគ្គនាយកនៃអង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) បានប្រាប់សារព័ត៌មានថា ក្នុងអំឡុងពេលប្រតិបត្តិការ គោលដៅសំខាន់បំផុតគឺបុគ្គល៧៣នាក់មកពីក្រុមតេហ្រេកអ៊ី-តាលីបង់ប៉ាគីស្ថាន (TTP) និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតត្រូវបានសម្លាប់។
លោកនិយាយថា “ឆ្នាំនេះមានកំណត់ត្រាក្រុមភេរវករដែលត្រូវបានបង្ក្រាបខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ”។
អគ្គនាយក ISPR បានបន្ថែមថា ប្រតិបត្តិការមិនតិចជាង១៧៩លើកត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃដោយយោធាប៉ាគីស្ថាន ភ្នាក់ងារអនុវត្តច្បាប់និងស៊ើបអង្កេត និងប៉ូលិសនៅក្នុងឆ្នាំនេះ។
លោក ឆោឌ្រី បានបន្ថែមថា យោធាប៉ាគីស្ថានមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងកិច្ចខំប្រឹងប្រែងប្រឆាំងនឹងក្រុមភេរវកម្ម និងគ្រប់គ្រងសន្តិសុខតាមព្រំដែន។
លោកបានកត់សម្គាល់ថា យោធាប៉ាគីស្ថានបានពង្រីកប្រតិបត្តិការរបស់ពួកគេដើម្បីប្រឆាំងនឹងការជួញរត់ពន្ធខុសច្បាប់ ការជួញដូរគ្រឿងញៀន ការលួចអគ្គិសនី និងការរក្សាទុកខុសច្បាប់។
លោកបាននិយាយថា “កងទ័ព និងភ្នាក់ងារអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ប៉ុន្តែប្រទេសជាតិប្រយុទ្ធប្រឆាំងនឹងអំពើរភេរវកម្ម”។ គ្រប់វិស័យទាំងអស់ក្នុងសង្គម និងគណបក្សនយោបាយទាំងអស់ក្រោកឈររួបរួមគ្នាប្រឆាំងនឹងបញ្ហាចំពោះមុខនេះ”។