ប្រទេសតួកគី៖ លោក អាលី យឺលីកាយ៉ា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីបាននិយាយនៅថ្ងៃអង្គារថា កម្លាំងសន្តិសុខតួកគីបានឃុំខ្លួនជនសង្ស័យជាសមាជិកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ៥៣៦នាក់ក្នុងប្រតិបត្តិការទូទាំងប្រទេសក្នុងរយៈពេល១២ថ្ងៃកន្លងមកនេះ។
លោក អាលី យឺលីកាយ៉ា បានសរសេរលើបណ្តាញសង្គមអ៊ីក្សថាប្រតិបត្តិការដែលមានឈ្មោះថា GURZ-34 ត្រូវបានធ្វើឡើងនៅទូទាំង៥៧ខេត្តក្នុងកិច្ចសម្របសម្រួលជាមួយរដ្ឋអាជ្ញា អង្គការស៊ើបការណ៍សម្ងាត់ជាតិ និងអង្គភាពប្រឆាំងភេរវកម្មរបស់ប៉ូលិស។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានគេចោទប្រកាន់ថាបានចូលរួមក្នុងសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS) និងមានទំនាក់ទំនងជាមួយតំបន់ជម្លោះ។
លោកបានបន្ថែមថា “យើងប្តេជ្ញាយ៉ាងម៉ុតមាំក្នុងការកម្ចាត់អំពើរភេរវកម្មចេញពីប្រទេសរបស់យើងតាមរយៈការតស៊ូគ្រប់ជ្រុងជ្រោយ” ។
ប្រទេសតួកគី បានចាត់ទុកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ថាជាអង្គការភេរវកម្មនៅក្នុងឆ្នាំ២០១៣ ដោយបន្ទោសក្រុមនេះចំពោះការវាយប្រហារដ៏សាហាវនៅក្នុងប្រទេស។ ក្រុងអង់ការ៉ាបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មទាំងក្នុងនិងក្រៅប្រទេសដើម្បីបង្ក្រាបសមាជិក និងសកម្មភាពរបស់ក្រុមភេរវករ៕