ប្រទេសអ៊ុយក្រែន៖ ការិយាល័យអគ្គរដ្ឋអាជ្ញាបាននិយាយនៅថ្ងៃពុធថា មនុស្សម្នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារពេញមួយយប់ដោយយន្តហោះគ្មានមនុស្សបើកលើក្រុងកៀវ។
អភិបាលក្រុងកៀវ លោក វ៉ីថាលី ខ្លីចខូ បាននិយាយថា អ្នកស្លាប់ និងរងរបួសភាគច្រើនស្ថិតនៅកណ្តាលសង្កាត់ផេចឺក ជាកន្លែងដែលកម្ទេចកម្ទីរបស់យន្តហោះគ្មានមនុស្សបើកដែលគេបាញ់ទម្លាក់ ធ្លាក់លើម្តុំតំបន់អាគារផ្ទះល្វែង។
របាយការណ៍បឋមពីរដ្ឋបាលក្រុងកៀវបានឱ្យដឹងថា ការវាយប្រហារនេះបានធ្វើឲ្យខូចខាតអគារ៣ជាន់ខាងលើរបស់អគារផ្ទះល្វែង៦ជាន់។
កម្ទេចកម្ទីយន្តហោះគ្មានមនុស្សបើកក៏បានធ្លាក់លើសំណង់មិនមែនលំនៅដ្ឋានមួយចំនួននៅភាគកណ្តាល និងភាគខាងលិចក្រុងកៀវផងដែរ។ ធនាគារជាតិអ៊ុយក្រែនបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសបុកថា បំណែកនៃគ្រាប់ផ្លោងបានធ្លាក់លើដំបូលអាគារធនាគារមួយខ្នងរបស់ខ្លួន បង្កឱ្យមានភ្លើងឆាបឆេះដែលក្រោយមកទៀតត្រូវបានពន្លត់។
កងកម្លាំងអាកាសអ៊ុយក្រែនបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើក ១១១គ្រឿងដែលគេបញ្ជាពេញមួយយប់ មាន៦៣គ្រឿងត្រូវបានបាញ់ទម្លាក់។ យន្តហោះគ្មានមនុស្សបើក ៤៦គ្រឿងផ្សេងទៀតហោះផុតប្រព័ន្ធរ៉ាដាដោយមិនមានការខូចខាត ចំណែកឯយន្តហោះគ្មានមនុស្សបើក២គ្រឿងទៀតបានហោះចូលទៅប្រទេសរុស្ស៊ី និងប្រទេសបេឡារុស៕