សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី បាយឌិន បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) និងអង្គភាពក្រុមភេរវករដ៏ទៃផ្សេងទៀតនឹង “គ្មានជម្រកសុវត្ថិភាព” នៅក្នុងសហរដ្ឋអាមេរិកទេ ក្នុងពេលដែលលោកថ្កោលទោសលើការវាយប្រហារដោយរថយន្តកាលពីថ្ងៃចូលឆ្នាំសកលនៅទីក្រុងញូវ អ័រលែន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៤នាក់។
លោក បាយឌិន បាននិយាយថា “យើងនឹងបន្តដេញតាមក្រុមសកម្មប្រយុទ្ធ ISIS និងអង្គការភេរវកម្មផ្សេងទៀតឥតឈប់ឈរមិនថាពួកគេនៅទីកន្លែងណាក៏ដោយ។ ពួកគេនឹងគ្មានជម្រកសុវត្ថិភាពនៅទឹកដីនេះឡើយ” ។
សុន្ទរកថារបស់លោកប្រធានាធិបតីធ្វើឡើងបន្ទាប់ពីរបាយការណ៍ស៊ើបអង្កេតបានបញ្ជាក់ថា ជនប្រដាប់អាវុធឈ្មោះ ស្ហាមសូដ ឌីន ចាបបារ អាយុ៤២ឆ្នាំជាអ្នកមកពីរដ្ឋតិចសាស់ និងជាអតីតទាហានជើងចាស់អាមេរិកធ្លាប់បង្ហាញភក្តីភាពចំពោះក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(ISIS)។ ក្រុមមន្ត្រីបាននិយាយថាលោក ចាបារ បានធ្វើសកម្មភាពតែម្នាកា់ឯងក្នុងការវាយប្រហារដែលបានកើតឡើងក្នុងពេលដែលអ្នកមកអបអរឆ្នាំថ្មីប្រមូលផ្តុំគ្នានៅក្នុងទីក្រុង។
យោងតាមភ្នាក់ងារ FBI បានឱ្យដឹងថាលោក ចាបបារ ត្រូវបានប៉ូលិសបាញ់ឲ្យស្លាប់ បន្ទាប់គាត់បាញ់មកលើក្រុមមន្ត្រី។ ក្រុមមន្ត្រីបាននិយាយថាគាត់បានបើករថយន្តចេញពីរដ្ឋហោសស្តុន ឆ្ពោះទៅកាន់ទីក្រុងញូវអ័រលែន កាលពីថ្ងៃទី៣១ ខែធ្នូ ហើយបានផុសវីដេអូខ្លីចំនួន៥លើបណ្តាញសង្គមហ្វេសបុកមុនពេលវាយប្រហារនៅថ្ងៃទី១ ខែមករា ដោយបញ្ចេញមតិគាំទ្រដល់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS)។
អ្នកស៊ើបអង្កេតបានច្រានចោលពីការជាប់ពាក់ព័ន្ធរបស់អ្នកសមគំនិត បើទោះបីជាមានការសន្និដ្ឋានបឋមដែលបង្ហាញដោយខ្សែវីដេអូរបស់អ្នកនៅកន្លែងកើតហេតុក៏ដោយ។ បច្ចុប្បន្ននេះ អាជ្ញាធរជឿថា បុគ្គលទាំងនោះគឺជាអ្នកធ្វើដំណើរឆ្លងកាត់ដោយមិនមានាជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះទេ។
ដោយឡែក ភ្នាក់ងារ FBI បានរាយការណ៍ថា គ្មានទំនាក់ទំនងរវាងការវាយប្រហារក្នុងក្រុងញូវ អ័លែន និងការបំផ្ទុះគ្រាប់បែកនៅសណ្ឋាគារអន្តរជាតិត្រាំក្នុងរដ្ឋឡាសវេហ្កាសនៅថ្ងៃតែមួយនោះទេ។ ក្នុងហេតុការណ៍នោះ រថយន្តទំនើបតេស្លាសាយប័រត្រាក់ ដែលផ្ទុកទៅដោយធុងសាំង និងកាំជ្រួចបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍ផ្ទុះនេះបានកើតឡើងជាច្រើនសប្តាហ៍មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល ត្រាំ គ្រោងនឹងវិលត្រលប់មកកាន់សេតវិមានវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
ហេតុការណ៍ទាំង២នេះបានបង្កើនការព្រួយបារម្ភផ្នែកសន្តិសុខមុនពេលប្រធានាធិបតីចូលកាន់ដំណែង ដែលក្រុមមន្ត្រីបានអំពាវនាវឲ្យសាធារណជនមានការប្រុងប្រយ័ត្នក្នុងពេលការស៊ើបអង្កេតនៅតែបន្ត៕