សហរដ្ឋអាមេរិក៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទាហានម្នាក់នៅក្នុងរថយន្តទំនើប តេស្លា សាយប័រត្រាក់(Tesla Cybertruck) ដែលមានដឹកកាំជ្រួចដែលបានផ្ទុះនៅខាងក្រៅសណ្ឋាគារអន្តរជាតិត្រាំក្នុងរដ្ឋឡាសវ៉ីហ្កាសបានបាញ់ក្បាលសម្លាប់ខ្លួន។
ហេតុការណ៍ផ្ទុះនេះបណ្តាលឱ្យមនុស្ស៧នាក់រងរបួសតិចតួច ប៉ុន្តែមិនបណ្តាលឲ្យរងការខូចខាតដល់សណ្ឋាគារឡើយ។ លោក ឃេវ៉ីន ម៉ក់ម៉ាហ៊ីល អធិការស្រុកខ្លាកបាននិយាយថា លោក ម៉ាហ្សូ ឡាយវ៉លបឺហ្គ័រ មានអាយុ៣៧ឆ្នាំជា Green Beret ទំនងជាមានផែនការវាយប្រហារបំផ្លាញទ្រង់ទ្រាយធំជាងនេះ ប៉ុន្តែរថយន្តដែលធ្វើពីដែកនោះបានស្រូបថាមពលជាច្រើនពីគ្រឿងផ្ទុះកែច្នៃដែលផលិតឡើង។
លោកអធិការបាននិយាយថា ការខូចខាតពីការផ្ទុះនេះគឺភាគច្រើននៅក្នុងរថយន្ត ពីព្រោះការផ្ទុះ ”មានសម្ពាធខ្យល់ចេញចូលតែក្នុងរថយន្ត” និងមិនបានខ្ទាតចំទ្វារសណ្ឋាគារត្រាំដែលមានចម្ងាយប៉ុន្មានជំហានពីនោះទេ។
“កម្រិតនៃភាពស្មុគ្រស្មាញគឺមិនមែនជាអ្វីដែលយើងរំពឹងទុកពីបុគ្គលម្នាក់ដែលមានបទពិសោន៍បែបនេះ” នេះបើតាមប្រសាសន៍របស់លោក ឃេននី ឃូបផឺរ ភ្នាក់ងារពិសេសទទួលបន្ទុកការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ។
អាជ្ញាធរកំពុងតែធ្វើការដើម្បីកំណត់គោលបំណងនៃការវាយប្រហារ។លោក ស្ពិនសឺរ អ៊ីវ៉ានស ភ្នាក់ងារពិសេស FBI ទទួលបន្ទុកនៅក្នុងក្រុងឡាស វ៉ីហ្កាស បាននិយាយថា “មិនមានការខូចខាតអ្វីទេនៅមុខអាគារត្រាំ ដែលថាវាគឺជារថយន្ត Tesla ប៉ុន្តែយើងមិនមានព័ត៌មានដែលអាចប្រាប់ ឬបង្ហាញថា វាកើតឡើងដោយមនោគមវិជ្ជាណាមួយទេ” ។
យោងតាមមន្ត្រីអាមេរិកបានឱ្យដឹងថាលោក ឡាយវ៉លបឺហ្គ័រ ទើបតែត្រលប់មកពីបំពេញភារកិច្ចនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយបានការអនុញ្ញាតិឈប់សម្រាកនៅពេលគាត់ស្លាប់។
មន្ត្រីអនុវត្តច្បាប់បាននិយាយថា អ្នកស៊ើបអង្កេតទទួលបានព័ត៌មានពីការសម្ភាស៍ដែលថា លោក ឡាយវ៉លបឺហ្គ័រ ប្រហែលអាចមានជម្លោះជាមួយភរិយាអំពីទំនាក់ទំនងមុនពេលគាត់ជួលរថន្ត Tesla និងទិញកាំភ្លើង។ មន្ត្រីនោះបាននិយាយដោយសុំមិនបញ្ចេញឈ្មោះព្រោះពួកគេពុំត្រូវបានអនុញ្ញាតិឱ្យនិយាយពីដំណើរការនៃការស៊ើបអង្កេតដែលកំពុងដំណើរការ។
លោក ម៉ាកម៉ាហ៊ីល បាននិយាយថាក្នុងចំណោមវត្ថុដែលឆេះដែលគេរកឃើញក្នុងរថយន្តនោះ មានកាំភ្លើងដៃនៅក្បែរជើងលោកបឺហ្គ័រ កាំភ្លើងមួយដើមផ្សេងទៀត កាំជ្រួចជាច្រើនគ្រាប់ លិខិតឆ្លងដែន កាតយោធា កាតធនាគារ ទូរស័ព្ទ iPhone និងនាឡិកាដៃឆ្លាតវៃ។ អាជ្ញាធរ បាននិយាយថាកាំភ្លើងទាំង២ដើមគឺទិញដោយស្របច្បាប់៕