មនុស្ស៨នាក់ស្លាប់ និង៥៣នាក់រងរបួសក្នុងការវាយប្រហារដោយទាហានប៉ារ៉ា

0

ស៊ូដង់៖ យ៉ាងហោចណាស់ជនស៊ីវិល៨នាក់​ត្រូវបានសម្លាប់ និង៥៣នាក់ផ្សេងទៀតរបួសដោយការបាញ់កាំភ្លើងធំដោយទាហានប៉ារ៉ានៃកងទ័ពគាំទ្ររហ័សហៅកាត់ថា (RSF) ក្នុងរដ្ឋខាទុំ និងទីក្រុងអេលហ្វាស្ហឺនៅភាគខាងជើងរដ្ឋដាហ្វួរ ភាគខាងលិចប្រទេសស៊ូដង់។

ក្រសួងសុខាភិបាលរដ្ឋខាទុំបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ក្រុមសកម្មប្រយុទ្ធ (RSF) នៅថ្ងៃសៅរ៍ បានបន្តការបាញ់ប្រហារជាប្រព័ន្ធប្រឆាំងនឹងជនស៊ីវិលនៅតំបន់ការ៉ារ៉ី ក្នុងក្រុងអំដួរម៉េនភាគខាងជើងរដ្ឋខាទុំ និងតំបន់ស្ហាក អាលណេល (ទន្លេនិលខាងកើត) និងភាគខាងកើតរដ្ឋខាទុំ ដោយបានសម្លាប់ជនស៊ីវិល៤នាក់ និងបង្ករបួសស្នាមដល់៤៣នាក់ផ្សេងទៀត”

អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ អាល ណូ និង អាប៊ុ សៀដ ក្នុងក្រុងអំដួរម៉េន និងមន្ទីពេទ្យ អេល បាន ចាឌីដ ក្នុងតំបន់ស្ហាក អាលណេល។

នៅថ្ងៃសៅរ៍ផងដេរ កងទ័ពធំថ្មើជើងលេខ៦ កម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ជនស៊ីវិល៤នាក់ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយកងទ័ពគាំទ្ររហ័ស (RSF)​ ទៅលើលំនៅដ្ឋានក្នុងទីក្រុងអេល ហ្វាស្ហឺ កាលពីថ្ងៃសុក្រ។

កងទ័ពគាំទ្ររហ័ស (RSF) មិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញការវាយប្រហារនេះនៅឡើយទេ។

ចាប់តាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ការប៉ះទង្គិចគ្នាយ៉ាងសាហាវជាច្រើនលើករវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងទ័ពគាំទ្ររហ័ស (RSF) បានផ្ទុះឡើងក្នុងក្រុងអេល ហ្វាស្ហឺ។

ប្រទេសស៊ូដង់បានរងគ្រោះដោយសារជម្លោះរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងទ័ពគាំទ្ររហ័ស (RSF) ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ដែលបានសម្លាប់ មនុស្សយ៉ាងហោចណាស់២៩. ៦៨៣នាក់ និងមនុស្សប្រមាណ១៤លាននាក់ផ្លាស់ទីលំនៅទាំងនៅក្នុង និងក្រៅប្រទេសស៊ូដង់ នេះបើតាមការប៉ាន់ប្រមាណរបស់អង្គការអន្តរជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here