ប្រទេសតួកគី៖ ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូតួកគីបានរាយការណ៍កាលពីថ្ងៃអង្គារថា ប៉ូលិសតួកគីបានចាប់ខ្លួនជនសង្ស័យ៤១នាក់ពាក់ព័ន្ធនឹងការចោទប្រកាន់ថាពួកគេមានទំនាក់ទំនងជាមួយចលនាហ្កូលេន។
ជនសង្ស័យទាំងនោះត្រូវបានចាប់ខ្លួនក្នុងពេលប្រតិបត្តិការរបស់ប៉ូលិសនៅទូទាំងទីក្រុងអ៊ីស្តង់ប៊ុល ស៊ីវ៉ាស ហ្សុនហ្កូលដាក កូកាលី និងអង់ការ៉ា ដែលក្នុងពេលនោះសម្ភារៈឌីជីថលមួយចំនួន និងឯកសាររចនាសម្ព័ន្ធរបស់ចលនានេះត្រូវបានរឹបអូស។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ជនសង្ស័យត្រូវបានចោទប្រកាន់ថាបានធ្វើប្រតិបត្តិការក្នុងកម្រិតដែលគេហៅថា “កម្រិតអ្នកសម្រេចចិត្ត” នៅក្នុងរចនាសម្ព័ន្ធ ដែលពួកគាត់ទាំងនោះបានទាក់ទងគ្នាទៅវិញទៅមកតាមរយៈទូរស័ព្ទបង់ប្រាក់។ ពួកគេត្រូវបានគេនាំខ្លួនទៅប៉ស្តិ៍ប៉ូលិសដើម្បីស៊ើបអង្កេតបន្ត។
អាណាដូឡូរាយការណ៍បន្ថែមថា ប្រតិបត្តិការទាំងនោះគឺស្ថិតក្នុងវិសាលភាពនៃការស៊ើបអង្កេតដែលធ្វើឡើងដោយការិយាល័យរដ្ឋអាជ្ញាសាធារណៈអ៊ីស្តង់ប៊ុល។
ចលនាហ្កូលេន ដែលដឹកនាំដោយគ្រូគង្វាលជនជាតិមូស្លីម លោក ហ្វេហ្សូឡាស ហ្កូឡេនដែលបានស្លាប់កាលពីខែតុលា ឆ្នាំ២០២៤ ក្នុងសហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាលតួកគីចោទប្រកាន់ថាជាមេក្លោងក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពី២០១៦ ដែលបណ្តាលឱ្យមនុស្សមិនតិចជាង២៥០នាក់ស្លាប់៕