ប្រទេសប៉ាគីស្ថាន៖ អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមភេរវករ៤នាក់ក្នុងប្រតិបត្តិការមួយដោយផ្អែកលើការស៊ើបអង្កេតនៅក្នុងស្រុកណ័ស វ៉ារ៉ីស្ថាន ភាគពាយ័ព្យខេត្តខាយប័រ ផាកថុនវ៉ា។
ISPR ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីទទួលបានរបាយការណ៍សើបអង្កេតមួយដែលគួរឲ្យទុកចិត្តបានអំពីវត្តមានក្រុមភេរវករនៅតំបន់ស្ពីនវ៉ាមនៃស្រុកនេះ។
ISPR បានបន្ថែមថា “ក្នុងអំឡុងប្រតិបត្តិការ ក្រុមទាហានរបស់យើងបានចូលរួមយ៉ាងមានប្រសិទ្ធភាពនៅទីតាំងរបស់ក្រុមភេរវករ។ បន្ទាប់ពីមានការបាញ់ប្រហារគ្នា ក្រុមភេរវករ៤នាក់បានស្លាប់” ។
យោធាបានិយាយថា កងកម្លាំងសន្តិសុខក៏បានរកឃើញអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះមួយចំនួនពីក្រុមភេរវករដែលត្រូវបានសម្លាប់ផងដែរ។ ក្រុមភេរវករដែលស្លាប់ទាំងនោះធ្លាប់បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពភេរវកម្មក្នុងនោះមានការវាយប្រហារលើកងកម្លាំងសន្តិសុខ និងសម្លាប់ជនស៊ីវិលស្លូតត្រង់។
យោធាបានបន្ថែមថា ប្រតិបត្តិការបោសសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ការគំរាមកំហែងដែលនៅសេសសល់ក្នុងតំបន់ ស្របពេលដែលប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីរំលឹកឡើងវិញពីការតាំងចិត្តលុបបំបាត់អំពើភេរវកម្ម និងការធានាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។
ISPR បានបន្ថែមថា “កម្លាំងសន្តិសុខប៉ាគីស្ថាននៅតែមានជំហររឹងមាំក្នុងការបំពេញបេសកកម្មរបស់ខ្លួនដើម្បីលុបបំបាត់ការគំរាមកំហែងភេរវកម្មចេញពីប្រទេស” ៕