ចារកម្មតួកគីសម្លាប់សមាជិកជាន់ខ្ពស់ឃឺដម្នាក់នៅប្រទេសអ៊ីរ៉ាក់

0

ប្រទេសតួកគី៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយនៅថ្ងៃពុធថា ចារកម្មតួកគីបានសម្លាប់ស្ថាបនិកនៃអង្គភាពទ័ពរបស់ក្រុមសកម្មប្រយុទ្ធឃឺដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូបានរាយការណ៍ថា អង្គការស៊ើបអង្កេតជាតិតួកគី បានកំណត់គោលដៅលើលោក អ៊ីស្លាម ដូតខានលូ ដែលជាស្ថាបនិកនៃអង្គភាពការពារជនជាតិឃឺដភាគខាងកើត​ ហៅកាត់ថា (YRK) ក្នុងប្រតិបត្តិការមួយនៅខេត្តសូឡៃម៉ានីយា របស់អ៊ីរ៉ាក់។ YRK គឺអង្គភាពទ័ពរបស់គណបក្សសកម្មភាពដើម្បីសេរីភាពជនជាតិឃឺដ ហៅកាត់ថា (PJAK) ដែលក្រុងអង់ការ៉ានិយាយថាមានទំនាក់ទំនងជាមួយគណបក្សពលករឃឺដ (PKK)។

សារព័ត៌មានអាណាដូឡូបានបន្ថែមទៀតថាលោក ដូតខានលូ ដែលគេស្គាល់ថាជា អាមិដ សឺហិដ និងអង្គរក្សរបស់គាត់មានឈ្មោះថា អាកាម សាហេ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនេះ។ លោក ដូតខានលូ ធ្លាប់បានចូលរួមក្នុងការវាយប្រហារដោយអាវុធប្រឆាំងនឹងកងកម្លាំងសន្តិសុខតួកគីនៅភាគខាងត្បូងប្រទេសតួកគី។

របាយការណ៍ព័ត៌មានអាណាដូឡូបានបន្ថែមថាលោក ដូតខានលូ បានផ្លាស់ទៅប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីប្រតិបត្តិការជាច្រើនរបស់តួកគីប្រឆាំងនឹងគណបក្សពលករឃឺដ ហើយគាត់បានតាំងទីលំនៅក្នុងខេត្តសូឡៃម៉ានីយា។

គួររំលឹកផងដែរថា គណបក្សពលករឃឺដ ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវកម្មដោយ                  ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ។ ជារឿយៗតួកគីតែងតែធ្វើប្រតិបត្តិការយោធានៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលជាមូលដ្ឋានរបស់គណបក្សពលករឃឺដ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here