ប្រទេសគុយបា៖ ក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ (Minfar) របស់ប្រទេសគុយបាបាននិយាយកាលពីថ្ងៃពុធថា ទាហាន១៣នាក់ស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះ និងភ្លើងឆេះឃ្លាំងយោធាមួយកន្លែងនៅភាគខាងកើតខេត្តអូលហ្គីនកាលពីមួយសប្តាហ៍កន្លងទៅនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍មានខ្លឹមសារថា ការស៊ើបអង្កេត និងការវិភាគដែលធ្វើឡើងដោយក្រុមអ្នកជំនាញបានបង្ហាញថាការរួចចេញពីសេចក្តីស្លាប់នៅទីតាំងកើតហេតុនេះគឺមិនអាចនឹងកើតមានឡើងឡើយ ហើយទីតាំងនេះស្ថិតនៅក្នុងសហគមន៍មេឡុន ក្នុងទីក្រុងរ៉ាហ្វែល ហ្វ្រេយឺរ។
ប្រភពដដែលបន្តថា “បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ជាច្រើនថ្ងៃកន្លងមក គេបានកំណត់មូលហេតុថា ឧបទ្ទវហេតុនេះអាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ដែលបង្កមកពីកម្លាំងភ្លើងលើសកម្រិតដែលខ្សែភ្លើងទទួល”។
សេចក្តីថ្លែងការណ៍និយាយថា ការចូលទៅក្នុងទីតាំងកើតហេតុនៅតែមិនអាចទៅរួចនោះទេ ដោយសារលក្ខណៈភូមិសាស្ត្រនៃដីមានភាពស្មុគស្មាញខ្លាំង សំបូរទៅដោយឧស្ម័នពុល រចនាសម្ព័ន្ធអគារខូចខាតធ្ងន់ធ្ងរ ហើយប្រឈមនឹងការដួលរលំ៕