ទាហានប៉ារ៉ា២នាក់រងរបួសក្នុងការបំផ្ទុះគ្រឿងផ្ទុះកែច្នៃនៅប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌា៖ ប៉ូលិសនិយាយថា យ៉ាងហោចណាស់ទាហានប៉ារ៉ា២នាក់ដែលជាសមាជិករបស់កងកម្លាំងប៉ូលិសបម្រុងកណ្តាល ហៅកាត់ថា (CRPF) បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីឧបករណ៍គ្រឿងផ្ទុះកែច្នៃដោយប្រើសំពាធ (IED) ដែលបង្កប់ដោយក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាល បានផ្ទុះឡើងនៅឆាតធីសហ្កាហជារដ្ឋដែលនៅកណ្តាលប្រទេសឥណ្ឌា។

ឧបទ្ទវហេតុផ្ទុះនេះបានកើតឡើងនៅក្នុងតំបន់ព្រៃក្នុងភូមិផុតកេល ស្រុកប៊ីចាផួរ ដែលមានចម្ងាយប្រមាណ៣៦៧គីឡូម៉ែត្រ ភាគខាងត្បូងរ៉ៃផួរ ដែលជារដ្ឋធានីនៃរដ្ឋឆាតធីសហ្កាហ។

មន្ត្រីប៉ូលិសម្នាក់បាននិយាយថា “នៅព្រឹកនេះ ការផ្ទុះបានកើតឡើងនៅក្នុងតំបន់ព្រៃផុតកេល ក្រោមដែនសមត្ថកិច្ចរបស់ប៉ុស្តិ៍បូលិសបាសាហ្កូដា បណ្តាលឱ្យមន្ត្រី CRPF ២នាក់រងរបួស”។ មន្ត្រី CRPF ដែលជាផ្នែកមួយនៃក្រុមសហការគ្នា បានចេញអនុវត្តភារកិច្ចគ្រប់គ្រងតំបន់ ក្នុងពេលដែលគ្រឿងផ្ទុះកែច្នែដោយប្រើសម្ពាធដែលបង្កប់ដោយក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាលបានផ្ទុះឡើង”។

តាមប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះត្រូវបានបញ្ជូនចេញពីកន្លែងកើតហេតុទៅមន្ទីពេទ្យភ្លាមៗ ហើយកំពុងសម្រាកព្យាបាលនៅទីនោះ។

គួររំលឹកផងដែរថាកាលពីសប្តាហ៍មុន ប៉ូលិស៨នាក់​ និងអ្នកបើកបរម្នាក់ស្លាប់ បន្ទាប់ពីរថយន្តដែលពួកគេកំពុងធ្វើដំណើរបានផ្ទុះដោយសារគ្រឿងផ្ទុះកែច្នៃ (IED) ដែលបញ្ជាដោយក្រុមណាហ្សាលនៅក្នុងស្រុកនេះ។

កាលពីពេលថ្មីៗនេះ ក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាលបានធ្វើសកម្មភាពយ៉ាងសកម្មនៅទូទាំងតំបន់ភាគកណ្តាល និងភាគខាងកើតនៃប្រទេសឥណ្ឌា។ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា លោក មេនមូហាន ស៊ីង ធ្លាប់បានចាត់ទុកចលនាណាហ្សាលថាជា “បញ្ហាប្រឈមសន្តិសុខផ្ទៃក្នុងដ៏ធំបំផុតរបស់ឥណ្ឌា”។

ទីក្រុហញូវដែលលី បានដាក់ពង្រាយកម្លាំងទ័ពប៉ារ៉ាដើម្បីបង្ក្រាបក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាលនៅក្នុងបន្ទាយរបស់ពួកគេ។

ការប៉បោរនេះត្រូវបានគេរាយការណ៍ថា បានសម្លាប់ជីវិតមនុស្សរាប់រយនាក់ ក្រៅពីធ្វើអោយប្រជាជនក្រីក្ររាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here