ប្រទេសឥណ្ឌា៖ ស្ថានីយវិទ្យុរដ្ឋ អេអាយអាយ អ៊ីនឌៀ បាននិយាយថា យ៉ាងហោចណាស់ពួកឧទ្ទាមប្រដាប់អាវុធណាហ្សាល ១២នាក់ត្រូវបានសម្លាប់នៅថ្ងៃព្រហស្បតិ៍ក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវជាមួយកងកម្លាំងរដ្ឋាភិបាលនៅរដ្ឋឆាតធីសហ្កាហ កណ្តាលប្រទេសឥណ្ឌា។
ការបាញ់គ្នាបានកើតឡើងនៅក្នុងព្រៃភាគខាងត្បូងស្រុកបាស្តារ ដែលនៅជិតតំបន់ព្រំដែនថេឡានហ្កាណា ក្នុងស្រុកប៊ីចាផួរ ដែលមានចម្ងាយប្រមាណជា៤៦៥គីឡូម៉ែត្រភាគខាងត្បូងរ៉ៃផួរ ដែលជាទីក្រុងរបស់រដ្ឋឆាតធីសហ្កាហ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការបាញ់គ្នាមិនទៀងទាត់នៅតែបន្តរវាងកម្លាំងសន្តិសុខ និងក្រុមប្រដាបអាវុធណាហ្សាល តាំងពីព្រឹកថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុនមន្រ្តីប៉ូលិស៨នាក់ និងអ្នកបើកបរម្នាក់ត្រូវបានសម្លាប់ បន្ទាប់ពីរថយន្តដែលពួកគេកំពុងធ្វើដំណើរបានផ្ទុះឡើងដោយគ្រឿងផ្ទុះកែច្នៃដែលបញ្ជាឲ្យផ្ទុះដោយក្រុមណាហ្សាលនៅក្នុងស្រុកនេះ ។
កាលពីពេលថ្មីៗនេះ ក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាលមានសកម្មភាពយ៉ាងសកម្មនៅតំបន់ភាគកណ្តាល និងភាគខាងកើតនៃប្រទេសឥណ្ឌា។
គួររំលឹកផងដែរថា ការបះបោរនេះបានសម្លាប់មនុស្សរាប់រយនាក់ និងបណ្តាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង៕