ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅថ្ងៃសៅរ៍ក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានស្ទាក់ចាប់គ្រាប់មីស៊ីលមួយគ្រាប់ដែលបានបាញ់ចេញពីប្រទេសយេម៉េនឆ្ពោះទៅភាគកណ្តាលប្រទេសអ៊ីស្រាអែល។
បន្ទាប់ពីបាញ់រួច ស៊ីរ៉ែនការពារដែនអាកាសបន្លឺសំឡេងប្រកាសអាសន្នក្នុងតំបន់ធំៗមួយចំនួននៅម៉ោងប្រមាណជា ១០:១៨នាទីព្រឹក ក្នុងនោះមានទីក្រុងតែលអាទីវ ភាគកណ្តាលអ៊ីស្រាអែល និងទីក្រុងយេរូសាឡឹម ហើយអ្នកស្រុករាប់លាននាក់ត្រូវបានបញ្ចូនទៅទីសុវត្ថិភាព។
សេវាសង្គ្រោះបន្ទាន់ជាតិអ៊ីស្រាអែល មាហ្គិន ដាវីដ អាដុំ និយាយថាពុំមានរបាយការណ៍ពីអ្នកមានគ្រោះថ្នាក់ឬត្រូវរបួសទេ ក្រៅពីភាពភ័យស្លន់ស្លោវាយប្រហារ ហើយមនុស្សមានរបួសតិចតួចនៅតាមផ្លូវទៅទីជម្រក។
ដោយសារតែមានការបាញ់ផ្លោងនេះ អាកាសយានដ្ឋានអន្តរជាតិ បិន ហ្គួរៀន (Ben Gurion)នៅខាងក្រៅទីក្រុង តែលអាទីវត្រូវបានបិទបណ្តោះអាសន្នចំពោះជើងហោះហើរនិងចុះចត។
ការប្រកាសនៅថ្ងៃពុធថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់បទឈប់បាញ់គ្នាដើម្បីដោះលែងចំណាប់ខ្មាំង បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលយ៉ាងខ្លាំងពីប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក។
បទឈប់បាញ់គ្នា ដែលត្រូវបានអនុម័តដោយអ៊ីស្រាអែលនិងក្រុមហាម៉ាស ហើយគ្រោងនឹងចូលជាធរមាននៅថ្ងៃអាទិត្យវេលាម៉ោង ៨:៣០នាទីព្រឹក រួមមានដំណាក់កាលដំបូង៤២ថ្ងៃ ក្នុងអំឡុងដែលការប្រយុទ្ធគ្នារយៈពេលជាង១៥ខែនៅតំបន់ហ្កាហ្សានឹងត្រូវបានបញ្ឈប់ ហើយចំណាប់ខ្មាំង៣៣នាក់ដែលឃុំខ្លួនក្នុងតំបន់ហ្កាហ្សានឹងត្រូវដោះលែងជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន៧៣៥នាក់។
កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំក្រុមហ៊ូធីយេម៉ែន លោក អាបដូលម៉ាលីគ អាល ហ៊ូធី បាននិយាយថា ក្រុមរបស់លោកនឹងបន្តវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែលប្រសិនបើការវាយ ប្រហារលើតំបន់ហ្កាហ្សានៅតែបន្ត៕