មនុស្ស៨នាក់ត្រូវបានសម្លាប់ដោយដ្រូនក្នុងពេលមានការប៉ះទង្គិចគ្នារវាងកងជីវពលនៅស៊ីរី

0

 

ប្រទេសស៊ីរី៖ អ្នកតាមដានសង្គ្រាមបានរាយការណ៍ថា យ៉ាងហោចណាស់សមាជិកក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយតួកគី៨នាក់ស្លាប់នៅថ្ងៃអាទិត្យក្នុងពេលដែលយន្តហោះគ្មានមនុស្សបើកដែលបញ្ជាដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយឃឺដហៅកាត់ថា (SDF) បានវាយប្រហារកំណត់គោលដៅលើរថយន្ត និងឧបករណ៍ពាសដែកនៅជិតទំនប់ធីស្ហ្រីន ក្នុងខេត្តអាឡិបប៉ូ ភាគខាងជើងប្រទេសស៊ីរី។

យោងតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឱ្យដឹងថា ការប៉ះទង្គិចគ្នារវាង SDF និងកងទ័ពជាតិស៊ីរីដែលគាំទ្រដោយទួកគី បានធ្វើឱ្យអ្នកប្រយុទ្ធ SDF ៨នាក់រងរបួសផងដែរ។

ទន្ទឹមនឹងនេះ SDF បានអះអាងថា អ្នកប្រយុទ្ធដែលគាំទ្រដោយតួកគី ត្រូវបានសម្លាប់ និងយានជំនិះជាច្រើនគ្រឿងក្នុងនោះមានរថក្រោះក៏ត្រូវបានបំផ្លាញក្នុងការប្រយុទ្ធគ្នានេះផងដែរ។

ចាប់តាំងពីការផ្ទុះសង្គ្រាមកាលពីខែធ្នូ ឆ្នាំ២០២៤ អ្នកឃ្លាំមើលបានកត់ត្រាអ្នកស្លាប់នៃភាគីទាំងសងខាងមានចំនួនយ៉ាងហោចណាស់៤៤០នាក់ ក្នុងនោះមានជនស៊ីវិល៤៤នាក់ អ្នកប្រយុទ្ធរបស់ក្រុមដែលគាំទ្រដោយតួកគី៣២១នាក់ និង៧៥នាក់ទៀតគឺអ្នកប្រយុទ្ធរបស់ SDF និងសម្ព័ន្ធមិត្តរបស់ពួកគេ។

ការកើនឡើងនេះកើតឡើងបន្ទាប់ពី SDF ដកទ័ពចេញពីតំបន់ភាគខាងជើងមួយចំនួនក្រោមសម្ពាធពីក្រុមដែលគាំទ្រដោយតួកគី។

ប្រទេសតួកគីចាត់ទុកអង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ដែលជាក្រុមស្នូលរបស់ SDF ថាជាសាខានៃគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់។

គួររំលឹកផងដែរថា គណបក្សពលករឃឺដត្រូវបានកំណត់ថាជាអង្គការភេរវកម្មដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here