មនុស្ស​២នាក់ស្លាប់ ១០នាក់របួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់

0

ប្រទេសលីបង់៖   យោងតាមប្រភពផ្លូវការ និងប្រភពពីសន្តិសុខបានឲ្យដឹងថា មនុស្ស២នាក់​ស្លាប់ និង១០នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែល​នៅភាគខាងកើតប្រទេសលីបង់កាលពីថ្ងៃសុក្រនេះ។

មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈនៃក្រសួងសុខាភិបាលលីបង់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលមានគោលដៅលើភូមិជេនថា ដែលជាភូមិមួយនៅក្នុងតំបន់បេកា បានបណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់។

ប្រភពពីសន្តិសុខលីបង់ដែលសុំមិនបញ្ចេញឈ្មោះប្រាប់ខាងសារព័ត៌មានថា “ យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារតាមអាកាសចំនួន៤លើកនៅពេលព្រឹកព្រលឹមថ្ងៃសុក្រ លើភូមិជេនថា និងតំបន់ឆ្លងកាត់ខុសច្បាប់នៅតាមបណ្តាយព្រំដែនរវាងប្រទេសលីបង់ និងស៊ីរីនៅភាគខាងកើតប្រទេសលីបង់។”

ប្រភពបានបន្ថែមថា “យន្តហោះអ៊ីស្រាអែលបានបាញ់គ្រាប់មីស៊ីលពីអាកាសទៅដីចំនួន៨គ្រាប់ទៅលើតំបន់គោលដៅទាំងនោះបណ្តាលឱ្យមនុស្សជាច្រើនរ​បួស បំផ្លាញរថយន្តមួយគ្រឿង និងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើផ្លូវឆ្លងកាត់ខុសច្បាប់ដែលតភ្ជាប់ប្រទេសលីបង់និងស៊ីរី”

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា “យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាច្រើនលើកនៅម៉ោងប្រមាណជា៣:00នាទីព្រឹក ថ្ងៃសុក្រទៅលើភាគខាងកើតនៃជួរភ្នំក្នុងតំបន់បេកា”

ទីភ្នាក់ងារបានបន្ថែមថា “ការវាយប្រហារតាមអាកាសក៏បានបំផ្លាញរថយន្តមួយគ្រឿងដែលដឹកបន្ទះថាមពល និងបំណែកគ្រឿងចក្រនៅក្នុងតំបន់វ៉ាវ៉ីយ៉ាត និងផ្លូវឆ្លងកាត់ ចាប អាល វើដ នៅជិតជាយក្រុងហេណាយឌឺ ភាគខាងកើតប្រទេសលីបង់”។

មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រុមការពារជនស៊ីវិលបានប្រាប់អ្នកយកព័ត៌មានថា ក្រុមសង្គ្រោះបានបញ្ជូនសាកសពចំនួន២ និងអ្នករងរបួសជាច្រើននាក់ចេញពីទីតាំងកើតហេតុទៅមន្ទីពេទ្យនៅក្នុងតំបន់បេកា ដោយគាត់បានធ្វើការកត់សម្គាល់ថា អ្នករបួសម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត។

ចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងលីបង់បានប្រព្រឹត្តទៅដោយបញ្ឈប់ការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងរវាងទ័ពអ៊ីស្រាអែល និងក្រុមហេបូឡា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣  ចំពេលមានសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា។ ជម្លោះនេះបានកើនឡើងម្តងទៀតនៅខែកញ្ញា ឆ្នាំ២០២៤។

ទោះបីជាមានបទឈប់បាញ់គ្នាក៏ដោយ ក៏យោធាអ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារលើប្រទេសលីបង់ ដោយបានអះអាងថាពួកគេមានគោលបំណងលុបបំបាត់ការគម្រាមកំហែងរបស់ក្រុមហេបូឡា។

កិច្ចព្រមព្រៀងបានកំណត់រយៈពេល ៦០ថ្ងៃសម្រាប់កងកម្លាំងអ៊ីស្រាអែលដើម្បីដកខ្លួនចេញពី ភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែពេលកំណត់នេះផុតកំណត់នៅថ្ងៃទី២៦ ខែមករា ដោយមិនបានបញ្ចប់ការដកទ័ពចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here