ប្រទេសស៊ីរី៖ អ្នកឃ្លាំមើលសង្គ្រាមដែលមានមូលដ្ឋាននៅអង់គ្លេសបាននិយាយនៅថ្ងៃសៅរ៍ថា មនុស្ស១០នាក់ត្រូវបានសម្លាប់ដោយក្រុមក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅក្នុងភូមិប្រជាជនភាគច្រើនអាឡាវ៉ាយ នៅកណ្តាលប្រទេសស៊ីរី។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ហៅកាត់ថា (SOHR) បាននិយាយថា ក្រុមអ្នកវាយប្រហារបានគោះទ្វារអ្នកភូមិអាហ្សាដែលនៅកណ្តាលខេត្តហាម៉ានៅយប់ថ្ងៃសុក្រ ហើយបាញ់សម្លាប់ជនស៊ីវិលនៅចម្ងាយជិតដោយប្រើប្រាស់អាវុធដែលមានសំឡេងស្ងាត់។
ជនដៃដល់បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ហើយអត្តសញ្ញាណរបស់ពួកគេនៅមិនទាន់ស្គាល់នៅឡើយទេ។ ក្រុមអាជ្ញាធរមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញការវាយប្រហារនេះនៅឡើយទេ។
អង្គការ SOHR បាននិយាយថា ការសម្លាប់រង្គាលចុងក្រោយនេះគឺជាផ្នែកមួយនៃការកើនឡើងនៃការវាយប្រហារសងសឹក និងការសម្លាប់នៅទូរទាំងប្រទេសដែលអាចបង្កអស្ថិរភាពបន្ថែមទៀតដល់ទំនាក់ទំនងអន្តរសហគមន៍នៅក្រោយសង្គ្រាមស៊ីរី។
ចាប់តាំងពីដើមឆ្នាំ២០២៥ អង្គការ SOHR បានចងក្រងឯកសារយ៉ាងហោចណាស់១០៥ឯកសារពាក់ព័ន្ធនឹងហេតុការណ៍ប្រភេទនេះ ដែលបណ្តាលឱ្យមនុស្សមិនតិចជាង២០០នាក់ស្លាប់ ក្នុងនោះមានទាំងស្រ្តី៥នាក់ និងក្មេងម្នាក់។
ការវាយប្រហារនៅក្នុងភូមិអាហ្សា បានគូសបញ្ជាក់ពីការព្រួយបារម្ភផ្នែកសន្តិសុខ ដោយសាររដ្ឋបាលថ្មីរបស់ស៊ីរីស្វែងរកវិធីដើម្បីបង្រួបបង្រួមការគ្រប់គ្រង និងទប់ស្កាត់ការធ្លាក់ចូលទៅក្នុងអំពើហិង្សានិកាយបន្ថែមទៀត បន្ទាប់ពីការដួលរលំរបស់អតីតប្រធានាធិបតី បាស្ហា អាលអាសសាដ កាលពីខែធ្នូ ឆ្នាំ២០២៤៕









