ជនស៊ីវិល៤៥នាក់ស្លាប់ និង៨២នាក់របួសក្នុងការវាយប្រហារនៅស៊ូដង់   

0

រដ្ឋខាទុំ៖ យ៉ាងហោចណាស់ជនស៊ីវិល៤៥នាក់ត្រូវបានសម្លាប់ និង៨២នាក់រងរបួសក្នុងការវាយប្រហារដោយទាហានប៉ារ៉ារបស់កងទ័ពគាំទ្ររហ័សហៅកាត់ថា (RSF) នៅថ្ងៃសោរ៍ ទៅលើផ្សារដ៏អ៊ូអរមួយកន្លែងនៅក្នុងអ៊ុំដូម៉េន ដែលជាទីក្រុងភាគខាងជើងរបស់រដ្ឋខាទុំ នេះបើតាមសម្តីរបស់ក្រុមអ្នកស្ម័គ្រចិត្ត និងមន្ទីពេទ្យ។

គណៈកម្មាធិការក្រុមអ្នកតស៊ូ អាល ថាវរ៉ា ដែលជាក្រុមអ្នកស្ម័គ្រចិត្ត បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ថ្ងៃនេះ កងជីវពល RSF បានសម្លាប់រង្គាលថ្មីមួយ (នៅថ្ងៃសៅរ៍) ដោយការបំផ្ទុះគ្រាប់បែកនៅផ្សារសាប្រីន សង្កាត់ការ៉ារ៉ី”

“មកដល់ពេលនេះ ជនស៊ីវិល៤៥នាក់​ត្រូវបានសម្លាប់ និង៨២នាក់រងរបួស”  នេះបើតាមខ្លឹមសារបន្ថែមក្នុងសេចក្តីថ្លែងការណ៍ដែលមិនផ្តល់ព័ត៌មានលម្អិត។

ជាមួយគ្នានេះផងដែរ ប្រភពពីមន្ទីពេទ្យ អាល ណាវ ក្នុងទីក្រុងអ៊ុំដូរម៉េន បាននិយាយថា  “មន្ទីពេទ្យទទួលបានសាកសពច្រើនជាង២៤សព និងអ្នករបួសជាច្រើននាក់ផ្សេងទៀត”

ប្រភពបានប្រាប់អ្នកយកព័ត៌មានថា “ស្ថានភាពនេះគឺជាមហន្តរាយដែលអាចកើតឡើងតាមគ្រប់របៀប។ យើងត្រូវការជំនួយឈាម និងសម្ភារៈពេទ្យជាច្រើន”

ក្នុងពេលជាមួយគ្នានេះផងដែរ អ្នកសារព័ត៌មានប្រចាំទីក្រុងអ៊ុំដូម៉េនបានរាយការណ៍ថា ការវាយប្រហារមានគោលដៅលើផ្សារសាប្រីន ដែលជាផ្សារធំមួយក្នុងតំបន់ដែលប្រជាជននៅទីក្រុងការ៉ារ៉ីតែងតែទៅជាប្រចាំ។

លោកបាននិយាយថា ការបាញ់គ្រាប់ផ្លោងក្នុងពេលដំណាលគ្នាសំដៅលើតំបន់លំនៅដ្ឋានក្បែរផ្សារ ដែលគេរំពឹងថាចំនួនអ្នកស្លាប់អាចនឹងលើសពីតួលេខដែលបានរាយការណ៍។

ពុំទាន់មានសេក្តីថ្លែងការណ៍ផ្លូវការណ៍ណាមួយចេញផ្សាយនៅឡើយទេ ហើយ RSF ក៏មិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញនឹងឧបទ្ទវហេតុនេះផងដែរ។

SAF ជាញឹកញាប់បានចោទប្រកាន់ ​ RSF ពីការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងការ៉ារ៉ី ចេញពីទីតាំងរបស់ពួកគេនៅបាហរ៉ី ដែលជាទីក្រុងមួយរបស់​រដ្ឋខាទុំ។

ការ៉ារ៉ី គឺជាតំបន់តែមួយគត់​នៅក្នុងទីក្រុងអ៊ុំដូម៉េនដែលនៅមានចំនួនប្រជាជនច្រើន ហើយស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ព។

ការប្រឈមមុខយោធារវាង SAF និង RSF កាន់តែខ្លាំងឡើងនៅក្នុងរដ្ឋខាទុំនាពេលថ្មីៗនេះ។

SAF បានបន្តពង្រីកខ្លួនគួរឱ្យកត់សម្គាល់ក្នុងរដ្ឋខាទុំ ដោយបានកាន់កាប់ទីតាំងរបស់ពួកគេឡើងវិញនៅតាមក្រវ៉ាត់ក្រុងប៉ាហរ៉ី និងបានរំដោះតំបន់មួយចំនួនទៀត ប៉ុន្តែ​ទីក្រុងក្នុង​តំបន់​នីល​ខាង​កើត​នៅតែជាមូលដ្ឋាន​សំខាន់​របស់ RSF ដដែល។

កងកម្លាំងប្រដាប់អាវុធស៊ូដង់ក៏កំពុងធ្វើប្រតិបត្តិការតាមផ្លូវគោកដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ទាហានប៉ារ៉ានៃកងទ័ពគាំទ្ររហ័ស លើតំបន់​អុំបាដាខាងលិចរបស់ទីក្រុងអ៊ុំដូរម៉េន ចំណែកឯ​ទាហានប៉ារ៉ានៃកងទ័ពគាំទ្ររហ័សបន្តគ្រប់គ្រង​ភាគខាងត្បូងរបស់រដ្ឋខាទុំ។

ប្រទេសស៊ូដង់​បានជាប់គាំងដោយជម្លោះដ៏ខ្លាំងក្លារវាង SAF និង​ RSF ​ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់​ ២៩.៦៨៣នាក់ និងប្រមាណជា១៥លាននាក់​ផ្លាស់ទីលំនៅទាំងនៅក្នុងនិងទៅក្រៅប្រទេសស៊ូដង់ នេះបើយោងតាមការប៉ាន់ប្រមាណចុងក្រោយរបស់អង្គការអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here