ជនជាតិប៉ាឡេស្ទីន៤នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅវ៉េសបេង   

0

ក្រុងរ៉ាម៉ាឡា៖ ជនជាតិប៉ាឡេស្ទីន ៤នាក់ត្រូវបានសម្លាប់​នៅថ្ងៃសៅរ៍ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួន២លើកដាច់ដោយឡែកពីគ្នាលើក្រុងជេនីន ភាគខាងជើងតំបន់វ៉េសបេង នេះបើតាមប្រភពប៉ាឡេស្ទីន។​ ប្រភពអ្នកស្រុក និងសាក្សីឃើញហេតុការណ៍បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានវាយប្រហារសំដៅទៅកណ្តាលទីក្រុងខ្វាបាធីយ៉ា ភាគខាងត្បូងក្រុងជេនីន។

មន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ឱ្យដឹងថា យុវជនប៉ាឡេស្ទីន២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើរថយន្តមួយគ្រឿង។

ជាការឆ្លើយតប យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយរបស់កងទ័ពអាកាសរបស់ខ្លួន ដែលដឹកនាំដោយភ្នាក់សន្តិសុខស៊ីនបេត បានកំណត់គោលដៅទៅលើរថយន្តមួយគ្រឿងដែលដឹកពួកភេរករក្នុងតំបន់ខ្វាបាធីយ៉ាដែលជាផ្នែកមួយនៃប្រតិបត្តិការនៅភាគខាងជើងតំបន់វ៉េសបេង។

អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមរបស់ពួកគេបានបញ្ជូនសាកសពចំនួន២ និងអ្នករបួសម្នាក់ចេញពីភាគខាងកើតក្រុងជេនីនទៅមន្ទីពេទ្យបន្ទាប់ពីការទម្លាក់គ្រាប់បែកនៅក្នុងតំបន់នោះ។

ប្រភពសន្តិសុខប៉ាឡេស្ទីនបានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងពេលដំណាលគ្នាក៏បានត្រូវគោលដៅម៉ូតូមួយគ្រឿងបណ្តាលឱ្យយុវជន២នាក់ផ្សេងទៀតស្លាប់។

យោធាអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញហេតុការណ៍ទម្លាក់គ្រាប់បែកនេះនៅឡើយទេ ដែលករណីនេះគឺជាការវាយប្រហារលើកទី៣លើទីក្រុងក្នុងរយៈពេលប៉ុន្មានម៉ោង។

ការវិវឌ្ឍន៍ទាំងនេះកើតឡើងដោយសារយោធាអ៊ីស្រាអែលបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងក្រុងជេនីន និងក្នុងជំរំរយៈពេល១២ថ្ងៃជាប់ៗគ្នា ដោយមានការផ្ទុះ និងការបំផ្លិចបំផ្លាញផ្ទះអ្នកស្រុកនៅក្នុងជំរំ។

អ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នារយៈពេល៦សប្តាហ៍ ដែលចូលជាធរមាននៅថ្ងៃទី១៩ ខែមករា។ ទោះជាយ៉ាងណាក៏ដោយ អំពើហិង្សាបានកើនឡើងនៅតំបន់វ៉េសបេងជាមួយការវាយឆ្មក់នៅក្នុងក្រុងជេនីន និងការវាយប្រហារជាជាបន្តបន្ទាប់ទៅលើភូមិរបស់ជនជាតិប៉ាឡេស្ទីន។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា តំបន់វ៉េសបេងត្រូវបានគេមើលឃើញថាមានភាពតានតឹងកាន់តែខ្លាំងឡើងចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនច្រើនជាង៨០០នាក់ស្លាប់​ដោយសារតែការបាញ់ប្រហារ និងការវាយប្រហារតាមអាកាសជាច្រើនលើករបស់អ៊ីស្រាអែល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here