ជនជាតិប៉ាឡេស្ទីនដែលអ៊ីស្រាអែលដោះលែងនឹងត្រូវនិរទេស   

0

ទីក្រុងគែរ៖ ទូរទស្សន៍ អាល ឃ្វាហេរ៉ា អេហ្ស៊ីប បានរាយការណ៍ថា ច្រកព្រំដែនរ៉ាហ្វាហនៅខាងប្រទេសអេហ្ស៊ីបបានទទួលអ្នកទោសជនជាតិប៉ាឡេស្ទីន៨នាក់​នៅថ្ងៃសៅរ៍ ដែលនឹងត្រូវកំណត់ឱ្យនិរទេស បន្ទាប់ពីពួកគេត្រូវបានដោះលែងដោយ​អ៊ីស្រាអែល ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់​គ្នាដែលកំពុងបន្តជាមួយក្រុមហាម៉ាស។

ប្រភពអេហ្ស៊ីបដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកព័ត៌មានថា ជនជាតិប៉ាឡេស្ទីនដែលត្រូវបានដោះលែងទាំងនេះ​ ត្រូវបានអ៊ីស្រាអែលកាត់ទោសពីបទមនុស្សឃាត ដែលនឹងត្រូវបាននិរទេសទៅកាន់ ប្រទេសតួកគី កាតា អាល់ហ្សេរី និងទុយនេស៊ី បន្ទាប់ពីត្រូវបានបញ្ជូនទៅដល់​ទីក្រុងគែរ។

ប្រភពបានពន្យល់ថា ប្រទេសអេហ្ស៊ីបនឹងដើរតួនាទីជាប្រទេសឆ្លងកាត់​សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែងទាំងនេះ រហូតដល់ពួកគេចាកចេញទៅដល់ប្រទេសទីបី។ សេចក្តីសម្រេចចិត្តលើទិសដៅរបស់ពួកគេគឺត្រូវបានសម្របសម្រួលដោយអ៊ីស្រាអែល ដែលទាមទារឱ្យមានការនិរទេសអ្នកទោសឧក្រិដ្ឋប៉ាឡេស្ទីន។

យោងតាមរបាយការណ៍ព័ត៌មានរបស់ Times of Israel នៅថ្ងៃពុធបានឱ្យដឹងថា ប្រទេសអ៊ីស្រាអែលបានទាមទារឲ្យជនជាតិប៉ាឡេស្ទីនដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ បំផុតមិនត្រូវបានដោះលែងទៅកាន់តំបន់ហ្កាហ្សា ឬតំបន់វ៉េសបេងទេ។ ប្រទេសអេហ្ស៊ីប យល់ព្រមទទួលយកអ្នកទោសទាំងនោះជាបណ្តោះអាសន្ន ដែលក្នុងនោះមានអ្នកទោស៧០នាក់ដែលត្រូវបានដោះលែងកាលពីសប្តាហ៍មុន ដែលបច្ចុប្បន្នពួកគេនៅក្នុងទីក្រុងគែរ។

ប្រភពបានបន្ថែមថា អាជ្ញាធរអេហ្ស៊ីបកំពុងតែបង្កើនការត្រៀមរៀបចំដើម្បីទទួលយកអ្នកទោសបន្ថែមទៀតនៅច្រកឆ្លងកាត់រ៉ាហ្វាហ។ កាលពីព្រឹកថ្ងៃពុធ អ្នកជំងឺ ៥០នាក់ចាកចេញពីតំបន់ហ្កាហ្សាឆ្លងចូលទៅប្រទេសអេហ្ស៊ីបតាមច្រកព្រំដែនរ៉ាហ្វាហ ជាចំណុចតភ្ជាប់តែមួយគត់រវាងតំបន់ប៉ាឡេស្ទីននិងប្រទេសអេហ្ស៊ីប៕

LEAVE A REPLY

Please enter your comment!
Please enter your name here