ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ពីកាវវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅក្នុងតំបន់ហ្សាហ្កា ដែលស្ថិតនៅចន្លោះខេត្តសាឡាហូឌីន និងខេត្តកឺកុក បានកើនដល់ចំនួន៧នាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលមានទំនាក់ទំនងជាមួយបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឱ្យដឹងថា កម្លាំងសន្តិសុខដែលត្រូវបានបញ្ជូនកាលពីព្រលឹមថ្ងៃអាទិត្យដើម្បីទៅរុករកទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលរងការវាយប្រហារតាមអាកាស បានរកឃើញសាកសពក្រុមសកម្មប្រយុទ្ធ៧នាក់ ដែលមានខ្លះក្នុងចំណោមនោះពាក់ខ្សែរក្រវ៉ាត់បំផ្ទុះ រួមជាមួយនឹងអាវុធជាច្រើនប្រភេទ សម្ភារៈសម្រាប់ដឹកជញ្ជូន និងសម្ភារៈផ្សេងៗទៀត។
ប្រភពបានបន្ថែមថា ក្រុម IS ដែលត្រូវបានសម្លាប់នឹងត្រូវបានកំណត់អត្តសញ្ញាណនៅពេលក្រោយ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុនចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ តែទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត ហើយតែងតែធ្វើការវាយឆ្មក់ជាញឹកញាប់មកលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕