ប្រទេសអ៊ីស្រាអែល៖ ការសែតអ៊ីស្រាអែលហារ៉េតបានរាយការណ៍ថា កងទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារលើរថយន្តមួយគ្រឿងនៅក្នុងក្បួនរថយន្តរបស់ជនអន្តោប្រវេសន៍ប៉ាឡេស្ទីននៅកណ្តាលតំបន់ហ្កាហ្សានៅថ្ងៃអាទិត្យ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤នាក់រងរបួស។
ក្មេងម្នាក់គឺស្ថិតនៅក្នុងចំណោមអ្នករងរបួស មានស្ថានភាពធ្ងន់ធ្ងរ នេះបើយោងតាមខ្លឹមសារបន្ថែមរបស់ការសែត។ ក្មេងម្នាក់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ អាល អាវដា។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហារនោះបានកំណត់គោលដៅលើរថយន្តមួយគ្រឿងលើផ្លូវ អាល រ៉ាស្ហដ ភាគពាយ័ព្យជំរំជនភៀសខ្លួននូស៊ីរ៉ាត។ អ្នកនាំពាក្យបាននិយាយថា “យន្តហោះអ៊ីស្រាអែលបានបាញ់រារាំងរថយន្តដែលគួរឲ្យសង្ស័យមួយគ្រឿងដែលធ្វើដំណើរទៅភាគខាងជើងពីកណ្តាលតំបន់ហ្កាហ្សា បន្ទាប់ពីរថយន្តព្យាយាមឆ្លងចូលទៅក្នុងភាគខាងជើងហ្កាហ្សាដោយគ្មានការត្រួតពិនិត្យ”។
យោធាបាននិយាយថា ពួកគេនៅតែបន្តរៀបចំសេណារីយ៉ូណាមួយ និងបន្តចាត់វិធានការណ៍ ចាំបាច់គ្រប់បែបយ៉ាង ដើម្បីលុបបំបាត់ការគម្រាមកំហែងដល់កម្លាំងរបស់ពួកគេ។
ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានចូលជាធរមានកាលពីថ្ងៃទី១៩ ខែមករា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលប្រមាណជា១៥ខែ៕