ប្រទេសកេនយ៉ា៖ ប៉ូលិសបានបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលកេនយ៉ា៥នាក់ត្រូវបានចាប់ជំរិតកាលពីថ្ងៃចន្ទ ដោយការពួនស្ទាក់របស់ក្រុមភេរវករអាល់ស្ហាបាប នៅក្នុងតំបន់ម៉េនដឺរ៉ាក្បែរព្រំដែនប្រទេសសូម៉ាលី។
មេបញ្ជាការប៉ូលិសតំបន់ម៉េនដឺរ៉ា លោក ជូលៀស អ៊ិនជេរ៉ូ បានបញ្ជាក់ពីការវាយប្រហារនេះ ហើយបាននិយាយថា អ្នកចាត់ចែងកិច្ចការរដ្ឋបាលធ្វើដំណើរចេញពីតំបន់វ៉ាហ្កាដូដ ឆ្ពោះទៅកាន់ទីក្រុងអេលវ៉េគ ដើម្បីបំពេញភារកិច្ច ស្រាប់តែមានពួកភេរវករវាយប្រហារ ហើយចាប់ខ្លួនពួកគេនៅពាក់កណ្តាលផ្លូវ។
ប៉ូលិស និងសាក្សី ជឿថា អ្នកចាត់ចែងកិច្ចការរដ្ឋបាលក្នុងស្រុកដែលគេស្គាល់ថាជា ប្រធានរដ្ឋបាលត្រូវបានបញ្ជូនទៅកាន់ប្រទេសសូម៉ាលី ដោយសារតំបន់នេះនៅជិតព្រំដែនសំខាន់រវាងប្រទេសកេនយ៉ា និងសូម៉ាលី។
ប្រធានាធិបតីកេនយ៉ា លោក វ៉ីលៀម រ៉ូថូ រំពឹងថានឹងធ្វើដំណើរទស្សនកិច្ចទៅតំបន់ភាគខាងជើងនៅសប្តាហ៍នេះ ដែលតម្រូវឱ្យមានប្រតិបត្តិការសន្តិសុខ។
លោក អ៊ិនជេរ៉ូ បាននិយាយថា ប្រតិបត្តិការដ៏សំខាន់មួយត្រូវបានធ្វើឡើងបន្ទាប់ពីឧបទ្ទវហេតុនេះ ដែលអ្នកវាយប្រហាររងចាំចាប់ជំរិត គឺត្រូវបានគេនិយាយថារត់ភៀសខ្លួនទៅប្រទេសសូម៉ាលី។
ប៉ូលិសជឿថា ក្រុមអ្នកវាយប្រហារទទួលបានព័ត៌មានមុនអំពីការធ្វើដំណើររបស់អ្នកចាត់ចែងកិច្ចការរដ្ឋបាល។
តំបន់ម៉េនដឺរ៉ាបានក្លាយជាទីលានរបស់ក្រុមសកម្មប្រយុទ្ធដែលផ្តោតលើអ្នកស្រុក និងក្រុមប្រធានរដ្ឋបាល ដែលហេតុការណ៍ស្រដៀងនេះជាច្រើនត្រូវបានរាយការណ៍ថាធ្លាប់បានកើតឡើងកាលពីឆ្នាំមុនៗ។ កាលពីខែធ្នូ ឆ្នាំមុន អ្នកបើកបររបស់នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម ត្រូវបានបាញ់សម្លាប់ដោយជនសង្ស័យភេរវករ អាល់ស្ហារបាប នៅក្នុងតំបន់ម៉េនដឺរ៉ា។
ចាប់តាំងពីយោធាកេនយ៉ាបានឆ្លងចូលទៅក្នុងប្រទេសសូម៉ាលីក្នុងឆ្នាំ២០១១ ការវាយប្រហារមួយចំនួនដែលគេជឿថាធ្វើឡើងដោយក្រុមអាល់ស្ហារបាប នៅតែបន្តកើតមាននៅក្នុងតំបន់ម៉េនដឺរ៉ា តំបន់វ៉ាចឺរ និងតំបន់ហ្ការ៉ីហា ភាគខាងជើងប្រទេសកេនយ៉ា បើទោះបីជាក្រុមយោធាបានរាយការណ៍ពីការឈ្នះទៅលើក្រុមនេះនៅក្នុងប្រទេសសូម៉ាលីក៏ដោយ៕