ប្រទេសតួកគី៖ ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូបានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមចារកម្មតួកគីបានសម្លាប់សមាជិកជាន់ខ្ពស់នៃកងកម្លាំងពិសេសរបស់គណបក្សពលករឃឺដក្នុងប្រតិបត្តិការឆ្លងដែននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
អាណាដូឡូបានដកស្រង់ព័ត៌មានពីប្រភពអានាមិកដោយមិនបានបញ្ជាក់ពេលវេលានៃប្រតិបត្តិការថា លោក ម៉ូរ៉ាត កេឡេស ដែលគេស្គាល់ថាជាលោក បឺរហូដាន ហារ៉ុន និងជាបុគ្គលដែលស្ថិតក្នុងបញ្ជីតាមចាប់ខ្លួននៅប្រទេសតួកគីពីបទភេរវកម្ម ត្រូវបានកំណត់គោលដៅដោយអង្គការស៊ើបអង្កេតជាតិតួកគី ហៅកាត់ថា (MIT) នៅភាគខាងជើងតំបន់ហាកឺក ប្រទេសអ៊ីរ៉ាក់។
MIT បានកំណត់អត្តសញ្ញាណ កេឡេស ថាជាឥស្សរជនសំខាន់ៗនៅពីក្រោយការវាយប្រហារដោយគ្រាប់រ៉ូកែតជាច្រើនគ្រាប់លើកងកម្លាំងសន្តិសុខតួកគីក្នុងឆ្នាំ២០១៦ នៅភាគខាងត្បូងខេត្តសឺរណាក ប្រទេសតួកគី ដែលមានព្រំដែនជាប់ប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
ប្រភពបានបន្ថែមថា ភា្នក់ងារចារកម្មតួកគីក៏បានចោទប្រកាន់លោក កេឡេស ពីបទសម្របសម្រួលការដឹកជញ្ជូនគ្រឿងផ្ទុះទៅកាន់ទីក្រុងភាគខាងលិច ក្នុងប្រទេសតួកគីសម្រាប់ផែនការវាយប្រហារជាច្រើនលើក។
ក្រសួងការពារជាតិតួកគីបាននិយាយនៅថ្ងៃសុក្រថា សមាជិក PKK ៨នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់អាសុស ភាគខាងជើងប្រទេសអ៊ីរ៉ាក់។
គណបក្សពលករឃឺដដែលត្រូវបានកំណត់ថាជាអង្គការភេរវកម្មដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានបះបោរប្រឆាំងរដ្ឋាភិបាលតួកគីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ប្រទេសតួកគីជាញឹកញាប់តែងតែធ្វើប្រតិបត្តការយោធានៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលជាមូលដ្ឋានរបស់គណបក្សពលករឃឺដ។
ជារឿយៗអាជ្ញាធរតួកគី ប្រើពាក្យ “សម្លាប់” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលលើកទង់សសុំចុះចាញ់ ឬត្រូវបានសម្លាប់ និងត្រូវបានចាប់ខ្លួន៕









